នៅថ្ងៃនេះ ថ្នាលជួញដូរទ្រព្យឌីជីថល «RGX» ដំបូងគេនៅកម្ពុជា បានបើកដំណើរការជួញដូរជាផ្លូវការ ខណៈមានការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន
ភ្នំពេញ៖ ថ្នាលជួញដូរទ្រព្យឌីជីថល Royal Group Exchange «RGX» ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេននៅកម្ពុជា បានបើកដំណើរការជួញដូរជាផ្លូវការហើយ នៅថ្ងៃទី១៨ខែ មករា ឆ្នាំ ២០២៤នេះ។ ថ្នាលជួញដូរទ្រព្យឌីជីថលដំបូងគេនៅកម្ពុជានេះ គឺជាផ្នែកមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (SERC)។
ពិធីបើកការជួញដូរទ្រព្យឌីជីថលជាលើកដំបូងនេះ មានអ្នកចូលរួមចុះឈ្មោះរាប់រយនាក់ ដែលភាគច្រើនជាយុវជនវ័យក្មេង ដើម្បីស្វែងយល់អំពី RGX Blockchain ក៏ដូចជាឱកាសដែល RGX អាចផ្តល់ជូនពីសេរីភាពហិរញ្ញវត្ថុ។ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រុមហ៊ុនក៏បានបង្ហាញជូនពីរបៀបជួញដូរជាក់ស្តែង ក៏ដូចជា លេងហ្គេមដើម្បីអាចទទួលបានប្រូម៉ូសិនពិសេសៗពីក្រុមហ៊ុនផងដែរ។
យុវជន រ៉េតដា វិស្សិត ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានចាត់ទុកថា ការបើកដំណើរការថ្នាលជួញដូរទ្រព្យឌីជីថល RGX គឺជាការបោះជំហានថ្មីមួយទៀតដែលបង្ហាញពីការរីកចម្រើននៃវិស័យហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ហើយក៏ជាអ្វីដែលក្មេងជំនាន់ក្រោយគួរស្វែងយល់ឲ្យបានច្រើនផងដែរ ស្របពេលដែលពិភពលោកកំពុងផ្តោតលើបច្ចេកវិទ្យាឌីជីថល។
យុវជនរូបនេះ បានបញ្ជាក់ថា៖ «RGX គឺថ្នាលជួញដូរដំបូងគេនៅស្រុកខ្មែររបស់យើង ហើយបានបើកឲ្យជួញដូរដោយស្របច្បាប់ ដែលយើងអាចជឿទុកចិត្ត ព្រោះពីមុនយើងធ្លាប់តែជួញដូរតាមរយៈទីផ្សារក្រៅប្រទេស ប៉ុន្តែឥឡូវនេះយើងមានទីផ្សារជួញដូរនៅក្នុងស្រុកខ្មែរយើង។ ហើយខ្ញុំពិតជាសប្បាយចិត្ត ក្នុងការសម្រេចចិត្តធ្វើការវិនិយោគនៅទីនេះ»។
លោក រ៉េតដា វិស្សិត ក៏បានលើកឡើងពីបទពិសោធន៍នៃការវិនិយោគជួញដូរទ្រព្យឌីជីថលក្នុងរយៈពេល ៤ឆ្នាំកន្លងទៅនេះ គឺទទួលបានផលចំណេញច្រើន ជាពិសេសក្នុងអំឡុងពេលឆ្នាំ ២០២១ ដែលជំងឺកូវីដ១៩ ក្នុងរាតត្បាត។
ស្រដៀងគ្នានេះដែរលោក អ៊ុយ ចិត្រា ដែលកំពុងបម្រើការងារនៅក្រុមហ៊ុនក្នុងវិស័យមូលបត្រមួយនៅកម្ពុជា ដែលបានចុះឈ្មោះជួញដូរទ្រព្យឌីជីថលនៅលើថ្នាល RGX បាននិយាយថា ដោយមើលឃើញថានិន្នាការជួញដូរទ្រព្យឌីជីថលនៅលើពិភពលោកកំពុងមានការកើនឡើងខ្លាំង និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏កាន់តែរីកចម្រើនជាលំដាប់ ដូច្នេះចក្ខុវិស័យទៅថ្ងៃខាងមុខវានឹងផ្តល់ផលល្អសម្រាប់អ្នកវិនិយោគលើទ្រព្យឌីជីថល។
លោកបានអះអាងថា ជាការកត់សម្គាល់នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ មានអ្នកជួញដូរទៅលើរូបិយប័ណ្ណឌីជីថលច្រើនណាស់ តាមរយៈក្រុមហ៊ុននៅក្រៅប្រទេស ប៉ុន្តែនៅពេលមាន RGX នឹងធ្វើឲ្យអ្នកវិនិយោគផ្សេងៗងាកមកប្រើប្រាស់ការជួញដូរជាមួយក្រុមហ៊ុនក្នុងស្រុកវិញ។
RGX ផ្តល់នូវសុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាពសម្រាប់ មូលបត្រផលិតផលឌីជីថល ការលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងការពង្រឹងសហគមន៍តាមរយៈបច្ចេកវិទ្យាទំនើប និងភាពជាដៃគូក្នុងឧស្សាហកម្ម។
លោក Thomas Schings អ្នកគ្រប់គ្រងជាន់ខ្ពស់មូលនិធិរបស់ RGX បានបង្ហាញការសប្បាយរីករាយដែលបានឃើញវត្តមានអ្នកចូលរួមយ៉ាងច្រើននៅថ្ងៃបើកការជួញដូរលើកដំបូងនេះ ជាពិសេសយុវជនជំនាន់ថ្មី ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ រួមទាំង ប្លុកឆេនផងដែរ។
លោកបានលើកឡើងថា កម្ពុជា គឺជាទីផ្សារដ៏មានសក្តានុពលមួយសម្រាប់ការជួញដូរទ្រព្យឌីជីថល ខណៈដែលបច្ចុប្បន្ននេះ នៅកម្ពុជា មានអ្នកជួញដូរទ្រព្យឌីជីថល ប្រមាណ ២០ម៉ឺននាក់រួចទៅហើយ ដែលកំពុងធ្វើប្រតិបត្តិការនៅលើថ្នាលផ្សេងៗជាមួយក្រុមហ៊ុននៅក្រៅប្រទេស។ ប៉ុន្តែលោកជឿជាក់ថា អ្នកវិយោគលើទ្រព្យឌីជីថល នឹងមើលឃើញសក្តានុពលរបស់ RGX ជាមួយការការផ្តល់ទំនុកចិត្ត និងសុវត្ថិភាពខ្ពស់សម្រាប់ការជួញដូរ ខណៈដែល RGX គឺជាក្រុមហ៊ុនដែលស្របច្បាប់ និងធ្វើការយ៉ាងជិតស្និទជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពទៅលើការជួញដូរ ឬប្រើប្រាស់រូបិយប័ណ្ណឌីជីថលនៅកម្ពុជា។
លោកបន្ថែមថា ចំណុចពិសេសមួយទៀតរបស់ RGX គឺអ្នកជួញដូរអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនយើងដោយផ្ទាល់ ក្នុងករណីមានបញ្ហាផ្សេងៗ ដើម្បីដោះស្រាយបានភ្លាមៗ និងទាន់ពេលវេលា ដែលខុសពីការ ជួញដូរតាមរយៈក្រុមហ៊ុននៅក្រៅប្រទេស។
អ្នកប្រើប្រាស់ RGX ទាំងអស់ អាចដាក់ប្រាក់ និងដកប្រាក់ដោយប្រើប្រាស់ USDT ដើម្បីធ្វើ Spot Trading ក៏ដូចជា Futures Trading ជាមួយនឹង Leverage រហូតដល់ ២៥ដង។ ថ្នាលជួញដូរទ្រព្យឌីជីថល RGX នឹងផ្តល់ឲ្យអតិថិជននូវបរិស្ថានជួញដូរទ្រព្យឌីជីថលដែលមានភាពងាយស្រួល។
បច្ចុប្បន្ន RGX មានផលិតផលមូលបត្រឌីជីថល ឬរូបិយប័ណ្ណឌីជីថលជាង ១០០ប្រភេទផលិតផលសម្រាប់ជាជម្រើសជួញដូរ ហើយក្រុមហ៊ុន ក៏នឹងបង្កើនផលិតផលរូបិយប័ណ្ណបន្ថែមទៀតផងដែរនាពេលអនាគត។ ទ្រព្យឌីជីថល ដែលគេនិយមជួញដូរ រួមមាន៖ Bitcoin (BTC), Ethereum (ETH), Shiba (SHIB), Litecoin (LTC) និង Sui (SUI) ………ជាដើម។
សូមជម្រាបថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសម្ពោធដាក់ឲ្យដំណើរការថ្នាលជួញដូរ Royal Group Exchange «RGX» ដែលជាវេទិកាជួញដូរមូលបត្រឌីជីថលដំបូងគេ ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ ង៉ាន់ សំណាង និងអ៊ុន ផានណាត់