តុលាការមីយ៉ាន់ម៉ា ដាក់ដេញថ្លៃភូមិគ្រឹះរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងតម្លៃ ៩០លានដុល្លារអាម៉េរិក
មីយ៉ាន់ម៉ា៖ យោងតាមប្រភពមួយបានបង្ហើបឱ្យដឹងថា តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាគ្រប់គ្រងដោយរបបយោធា បានដាក់លក់ដេញថ្លៃភូមិគ្រឹះដែលអតីតមេដឹកនាំ និងជាមេដឹកនាំប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានចំណាយពេល ១៥ ឆ្នាំរស់នៅក្រោមការឃុំខ្លួនក្នុងផ្ទះ ដោយបានកំណត់ចាប់ផ្តើមដេញថ្លៃក្នុងតម្លៃ ៣១៥ ពាន់លានខ្យាតនៃរូបិយបណ្ណមីយ៉ាន់ម៉ា (kyat) ឬប្រហែល ៩០ លានដុល្លារអាម៉េរិក ។
លោកស្រី ស៊ូជី ដែលស្ថិតនៅក្រោមការឃុំឃាំងជាថ្មី ចាប់តាំងពីរបបយោធាបានផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកស្រីក្នុងឆ្នាំ ២០២១ កំពុងតែមានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់អស់រយៈពេលជាច្រើនទសវត្សរ៍ជាមួយនឹងប្អូនប្រុសរបស់លោកស្រី ជុំវិញកម្មសិទ្ធិនៃភូមិគ្រឹះជាប់មាត់បឹង ។
ប្រភពដែលដឹងពីដំណើរការនេះ បានអះអាងថា បង្គាប់បញ្ជារបស់តុលាការចំពោះការដេញថ្លៃលើភូមិគ្រឹះនោះ នឹងធ្វើឡើងនៅថ្ងៃទី ២០ ខែមីនា ។
គួរបញ្ជាក់ថា ម្ចាស់ជ័យលាភីណូបែលសន្តិភាព ស្ថិតនៅក្រោមការជាប់ឃុំខ្លួននៅឯលំនៅឋានបែបអាណានិគមនៅលើបឹងអ៊ីនយ៉ា (Inya) ក្នុងទីក្រុងយ៉ាងហ្គូន (Yangon) រហូតដល់ឆ្នាំ ២០១២ នៅពេលលោកស្រីផ្លាស់ប្តូរទៅកាន់រដ្ឋធានីណៃពីដ៍ (Naypyitaw) ដើម្បីចូលរួមសភាក្រោយពីការដោះលែង ។
ស្ថិតនៅឯភូមិគ្រឹះរបស់លោកស្រីនាពេលនោះ លោកស្រី អ៊ុងសាន ស៊ូជី បានថ្លែងសុន្ទរកថាដ៏រំជួលចិត្តចេញពីបេះដូងទៅកាន់អ្នកគាំទ្រ ហើយវាក៏ជាទីកន្លែងនៃកិច្ចប្រជុំកំពូលមួយចំនួនរបស់លោកស្រី រួមទាំងកិច្ចប្រជុំជាមួយអតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ផងដែរ ។
រហូតមកដល់ពេលនេះ លោកស្រី អ៊ុងសាន ស៊ូជី នៅតែស្ថិតក្រោមការឃុំឃាំងនៅឡើយ ហើយក៏មិនមាននរណាដឹងថា លោកស្រីនៅទីណាឱ្យប្រាកដដូចគ្នាដែរ ស្របពេលបណ្តាមេដឹកនាំពិភពលោក និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការដោះលែងលោកស្រី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect