ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់អាយុ១០ឆ្នាំម្នាក់ នៅសង្កាត់អូរឫស្សី៣ ក្រុងក្រចេះបានស្លាប់ ដោយសារឆ្លងជំងឺផ្ដាសាយបក្សី ក្រោយពីបានយកសត្វមាន់ឈឺ១ក្បាល មកបរិភោគ

image


ខេត្តក្រចេះ៖ ជំងឺផ្តាសាយបក្ស (H5N1) បានឆក់យកជីវិតកុមារម្នាក់មានអាយុ១០ ឆ្នាំរស់នៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី៣ ក្រុងក្រចេះ ខេត្តក្រចេះ ក្រោយពីកុមារ បានយកសត្វមាន់ឈឺ១ក្បាល មកធ្វើម្ហូបឬបរិភោគ។

លោកវេជ្ជបណ្ឌិត ងី ប៊ុន ឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងថា ករណីនេះបានកើតឡើង និងរកឃើញថាមានឆ្លងជំងឺផ្តាសាយបក្សី (H5N1) មកលើកុមារឈ្មោះ រឿន វីរុន ភេទ ប្រុសអាយុ ១០ឆ្នាំ ក្រោយពីបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ កាលពីថ្ងៃទី ៥ ខែ កុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ១:០០នាទីដោយមានរោគសញ្ញា ក្ដៅខ្លួន ក្អក ហៀរសំបោរ និងហត់ ហើយក្រុមគ្រូពេទ្យបានធ្វើការពិនិត្យព្យាបាល ដោយយកចិត្តទុកដាក់បំផុត ហើយរហូតដល់ព្រឹកថ្ងៃទី ៨ កុម្ភៈ ២០២៤ វេលាម៉ោង៧:០០នាទីព្រឹក ដោយសារស្ថានភាពជំងឺមិនបានធូរស្រាលក្រុមគ្រូពេទ្យ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល បានចុះស្រាវជ្រាវ និងយកវត្ថុវិភាគផ្ញើទៅវិទ្យាស្ថានជាតិសុខភាពសាធារណ: រាជធានីភ្នំពេញ និងបានធ្វើការបញ្ជូនអ្នកជំងឺទៅព្យាបាលបន្ត នៅមន្ទីរគន្ធបុប្ផាភ្នំពេញ ។

លោកបានបន្តថា ហើយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល បានចុះទៅដល់ផ្ទះអ្នកជំងឺដើម្បីពិនិត្យស្រាវជ្រាវបន្ត ប៉ុន្តែពុំទាន់មានឃើញករណីសង្ស័យណាផ្សេងទៀតទេ រហូតដល់វេលាម៉ោង២០:៤៥នាទីយប់ មន្ទីរសុខាភិបាលខេត្តបានទទួលលទ្ធផលបញ្ជាក់ថា អ្នកជំងឺវិជ្ជមានមេរោគផ្តាសាយបក្សី(H5N1) និងបានទទួលព័ត៌មានថាអ្នកជំងឺបានស្លាប់នៅម៉ោង ១៩:៣០នាទី ។

ដោយឡែកនៅព្រឹកនៅថ្ងៃទី ៩ កុម្ភ: ២០២៤ ក្រុមការងារមន្ទីរសុខាភិបាលខេត្តក្រចេះ បានសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្រ្តីជំនាញការិយាល័យបសុពេទ្យ បានចុះអង្កេតស្រាវជ្រាវបន្ត និងបានបាញ់ថ្នាំងសម្លាប់ មេរោគផ្ដាសាយបក្សី នៅទីតាំងជុំវិញផ្ទះ ដោយក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរសង្កាត់អូរឫស្សី និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។

លោកប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ ក៏បានស្នើសុំ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ និងបងប្អូនសាធារណៈ ប្រសិនបើមាន់-ទា ឈឺ ឬងាប់ត្រូវកប់ចោល សូមកុំបរិភោគជៀសវាងការឆ្លងរាលត្បាត -ត្រូវចម្អិនឱ្យឆ្អិនល្អ ហើយបើមានករណីមាន់ឈឺ ឬងាប់ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ហើយបើមនុស្សមានអាការ: រោគសញ្ញា ក្ដៅខ្លួន ក្អក ហៀរសំបោរ និងហត់ ត្រូវបញ្ជូនមកពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ហើយត្រូវរស់នៅអនុវត្តវិធានការអនាម័យស្អាត៕
ដោយ៖ សារី ណែត