ព័ត៌មានជាតិ

ពលរដ្ឋមួយចំនួន នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត បានរៀបចំកែច្នៃចម្ការទុរេន ឱ្យក្លាយជាកន្លែងទេសចរណ៍

image


កំពត៖ អ្នកភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ នៃខេត្តកំពត ដែលមានចម្ការទុរេនធំៗ បានច្នៃបង្កើតសេវាទេសចរណ៍ផ្សេងៗ ដើម្បីរកប្រាក់ចំណូលបន្ថែមពីលើរបរកសិកម្ម និងដើម្បីងាយស្រួលក្នុងការលក់ផលិតផលផ្លែឈើរបស់ខ្លួន។ ជាក់ស្តែងចម្ការទុរេនជាប់ដងព្រែកមួយកន្លែង បានក្លាយជារមណីយដ្ឋាន និងអាហារដ្ឋានដ៏ទាញទាញបំផុតមួយ នៅក្នុងបណ្តុំតំបន់ទេសចរណ៍ទឹកឈូ។
ធ្វើដំណើរពីក្រុងកំពត ទៅរមណីយដ្ឋានទឹកឈូ បត់ស្តាំដៃចូលតាមផ្លូវបេតុងឆ្ពោះទៅឧទ្យានដងព្រែក គេនឹងឃើញ រមណីយដ្ឋាន និងអាហារដ្ឋានមួយ ដែលមានចម្ការទុរេនធំល្វឹងល្វើយ មានសួនសត្វ(ពពួកបក្សីកម្រ) មានខ្ចុះមាត់ទឹក ខ្ចុះក្នុងចម្ការ ការជិះម៉ូតូទឹក ជិះទូកកាយយ៉ាក់តាមដងព្រែក និងជុំវិញកោះកណ្តាលចម្ការទុរេន និងការលេងពពុះសាប៊ូជាដើម នោះគឺ ជាចម្ការទុរេនរបស់អ្នកស្រី លឹម ម៉េងហ័ង ម្ចាស់រមណីយដ្ឋាន និងអាហារដ្ឋាន ហ៊ង ឃាន ដងព្រែក។

លោកស្រី លឹម ម៉េងហ័ង បានឱ្យដឹងថា ចម្ការទុរេនរបស់អ្នកស្រីបច្ចុប្បន្នពេញផ្លែ មានប្រមាណ ៣០០ដើម និងទើបរៀនផ្លែជាច្រើនរយដើមទៀត។ ក្រៅពីដំណាំទុរេន ក៏មានដំណាំហូបផ្លែបន្ទាប់សន្សំ ដូចជា សាវម៉ាវ មង្ឃុត ត្របែក ជាដើម។ ដោយមើលឃើញអំពីសត្តានុពលទេសចរណ៍នៅតំបន់ភូមិបត់ក្បាលដំរីនេះ កសិករជាម្ចាស់ចម្ការនៅក្នុងតំបន់ រួមទាំងអ្នកស្រីផង ចាប់ផ្តើមនាំគ្នាមានគំនិតបង្កើតជាខ្ចុះលក់អាហារ ផ្លែឈើជាដើម ហើយក្រោយមកទៀត ចេះតែនាំគ្នាច្នៃពង្រីក និងបង្កើនសេវាកម្មរបស់ខ្លួននៅនឹងចម្ការកាន់តែច្រើនទៅៗ។
អ្នកស្រីបានបន្តទៀតថា ការច្នៃបង្កើតជាកន្លែងផ្តល់សេវាកម្មទេសចរណ៍នៅតាមចម្ការទុរេន អាចឱ្យប្រជាកសិកររកចំណូលបន្លែមផង និងងាយស្រួលលក់ផ្លែឈើផ្សេងៗនៅហ្នឹងកន្លែងតែម្តង។ សេវាកម្មទេសចរណ៍ផ្សេងៗ មិនថាសេវាស្នាក់នៅ ម្អូបអាហារ ឬផ្លែឈើ គឺធានាគុណភាព និងគ្មានការតម្លើងថ្លៃនោះទេនៅក្នុងឱកាសបុណ្យទានផ្សេងៗ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា មន្ទីរតែងតែជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅតំបន់ទឹកឈូ ឱ្យមានការរៀបចំសេវាទេសចរណ៍ផ្សេងៗបន្ថែមពីលើចម្ការ សួនដំណាំរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ពីវិស័យទេសចរណ៍។ ក្រុមការងារលោកតែងតែចុះទៅជួយណែនាំ និងផ្តល់វគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ដល់គុណភាពសេវាកម្ម ក៏ដូចជាការថែរក្សាអនាម័យបរិស្ថានឱ្យបានកាន់តែល្អប្រសើរ។ ការច្នៃបង្កើតជាកន្លែងកម្សាន្តនេះ ក៏បានជាការលើកកម្ពស់ដល់វិស័យទេសចរណ៍របស់ខេត្តកំពត ឱ្យកាន់តែមានភាពទាក់ទាញសម្បូរបែបផងដែរ៕
អត្ថបទ៖ វង្ស សុធារម្យ