ឆ្នាំនេះ ក្រសួងកិច្ចការនារី នឹងត្រូវបញ្ចប់ និងដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យនិងអនុម័ត គោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ ឆ្នាំ២០២៤-២០៣៤
ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងនឹងត្រូវបញ្ចប់ និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនិងអនុម័ត គោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ ឆ្នាំ២០២៤-២០៣៤ ដែលគោលនយោបាយនេះ គឺជាឯកសារគោល ក្នុងការធ្វើបរិវត្តកម្មយេនឌ័រនៅតាមវិស័យ ដើម្បីលើកកម្ពស់គណនេយ្យភាពរបស់ក្រសួង-ស្ថាប័ន, ការរៀបចំអភិក្រមធ្វើស្ថាប័ននីយកម្មយេនឌ័រតាមក្រសួង-ស្ថាប័ន រួមទាំងកម្មវិធីថវិកាឆ្លើយតបនឹងយេនឌ័រ ប្រព័ន្ធតាមដាននិងវាយតម្លៃ និងការធ្វើបរិវត្តកម្មផ្នត់គំនិត និងឥរិយាបថរបស់សង្គម។
លោកស្រីរដ្ឋមន្ត្រី បានប្រកាសបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងដៃគូពាក់ព័ន្ធ លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ នារីរតនៈទី ៦ ឆ្នាំ២០២៤-២០២៨។
លោកស្រីកិត្តិបណ្ឌិត មានប្រសាសន៍ដែរថា ក្រសួងនឹងចាប់ផ្តើមអនុវត្ត ដំណាក់កាលទី៣ នៃយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ គឺការអនុវត្តអភិក្រមធ្វើបរិវត្តកម្មយេនឌ័រ (កន្លងមក, ដំណាក់កាល ទី១. ការបង្កើនការយល់ដឹង (Gender Sensitive), ទី២.ការឆ្លើយតប (Gender Responsive) ហើយដំណាក់កាលទី៣.ការធ្វើបរិវត្តកម្ម (Gender Transformative) ជាដំណាក់កាលចុងក្រោយ)។
ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ តាមរយៈកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់ «ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី នៅគ្រប់វិស័យ» ជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្រ្តីគឺជាស្នូល។
លោកស្រីរដ្ឋមន្ត្រីបន្តថា ការណ៍នេះ, ក្រសួងកិច្ចការនារី បាននិងកំពុងដំណើរការតាក់តែង ផែនការយុទ្ធសាស្រ្ត «នារីរតនៈទី ៦» ឆ្នាំ២០២៤-២០២៨ ដើម្បីចូលរួមអនុវត្តស្របតាមការចង្អុលបង្ហាញ នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ខាងលើនេះ ព្រមទាំងធ្វើឱ្យមានភាពស៊ីចង្វាក់ ជាមួយនឹងក្របខណ្ឌគោលនយោបាយ និងកម្មវិធីជាតិថ្មីៗ និងតាមវិស័យ ព្រមទាំងឆ្លើយតបនឹងស្ថានភាព និងការវិវត្តរបស់សង្គមផងដែរ។
ផែនការយុទ្ធសាស្រ្តនេះ គឺជាផែនការមេ សម្រាប់ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី នៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំ ខាងមុខនេះ (ដោយគិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨)៕
អត្ថបទ៖ សន ពិសិដ្ឋ