ព័ត៌មានអន្តរជាតិ

អត្ថបទឈ្វេងយល់ ពីសាធារណរដ្ឋឆែក

image

ប្រទេសឆែក ដោយគិតចាប់តាំងពីថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៦មក ប្រទេសនេះ មានឈ្មោះហៅជាផ្លូវការយ៉ាងខ្លី តាមបែបភាសាអង់គ្លេសថា CZECHIA ដែលខ្មែរយើងហៅថា"ឆេកូ"។

ពីមុនខ្មែរហៅថា ឆេកូស្លូវ៉ាគី តែពេលនេះ ប្រទេសនេះបែកចែកជា២ មួយប្រទេសឆែក និងមួយទៀតប្រទេសស្លូវ៉ាគី។ ប្រទេសឆែក ឈ្មោះផ្លូវការក្នុងរដ្ឋធម្មនុញ្ញ សាធារណរដ្ឋឆែក ដែលមានបណ្តាជនរស់នៅ ជាង១០លាន ៧សែននាក់។ ក្នុងនោះ មានទំហំផ្ទៃដី ៧៨,៨៦៧គីឡូម៉ែត្រក្រឡា តូចជាងកម្ពុជា។ ដង់ស៊ីតេ៣៥៨,៣នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា។ រីឯ ក្រុមជនជាតិនានា មានដូចជា ឆែក៦៤,៣% និងម៉ូរ៉ាវាន៥%។ ភាសាផ្លូវការ គឺភាសាឆែក និងមានប្រើភាសាស្លូវ៉ាគីដែរ តែមិនផ្លូវការទេ។ បណ្តាជនឆែក ១០,៤% កាន់សាសនារ៉ូម៉ង់កាតូលិក ហើយ៣៤,៥%ទៀត ពុំកាន់សាសនាអ្វីទេ។

ទីតាំងភូមិសាស្រ្ត ស្ថិតនៅទ្វីបអឺរ៉ុបកណ្តាល ខាងជើងជាប់ប៉ូឡូញ ភាគពាយ័ព្យជាប់អាល្លឺម៉ង់ ខាងត្បូងជាប់ប្រទេសអូទ្វីស ខាងកើត និងភាគនិរតី ជាប់ប្រទេសស្លូវ៉ាគី។ ប្រាក ជារដ្ឋធានី នៃប្រទេសឆេកូ មានបណ្តាជនរស់នៅ ប្រមាណ១លាន ៣សែននាក់។

ប្រទេសឆេកូ មានទម្រង់រដ្ឋាភិបាល តាមបែបសាធារណរដ្ឋសភានិយម។ ឯកឧត្តម មីឡូស ស្សេមីន កាន់តំណែង ជាប្រធានាធិបតី។ឯកឧត្តម កើតនៅឆ្នាំ១៩៤៤ កាន់តំណែងពីថ្ងៃទី៨ មីនា ២០១៣មក។ នាយករដ្ឋមន្រ្តី គឺឯកឧត្តម អិនត្រេ បាបីស។ ឯកឧត្តមកើតនៅឆ្នាំ១៩៥៤ កាន់តំណែងចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧មក។

ប្រទេសនេះ មានបែងចែកជាតំបន់រដ្ឋបាល ចំនួ១៣តំបន់ (ពុំមានខេត្តទេ) និងរដ្ឋធានីមួយ។ ព្រមទាំងមានកងទ័ព ជាតិរៀបរយ ២ម៉ឺន ៣ពាន់ ២រយនាក់។

អំពីសេដ្ឋកិច្ច ៖ មានវិស័យឧស្សាហកម្ម ផលិតម៉ាស៊ីន ម៉ូទ័រ កញ្ចក់ កែវចរណៃល្អៗទំនើបៗ។ រីឯ កសិកម្ម រួមមាន៖ សណ្តែក ដំឡូងបារាំង ស្ករ ឆៃឆាវ ផ្លែឈើច្រើនមុន ចិញ្ចឹមជ្រូក និងជៀម។ ប្រទេសនេះ មានធនធានធម្មជាតិ ដូចជា៖ ឈើស្រល់ មានធ្បូងថ្ម មានដីឥដ្ឋ មានប្រេងឆៅបំរុង ច្រើនពាន់លានលីត្រ ផលិតផលអគ្គិសនីសំបូរហូហៀរ។ កម្លាំងពលរដ្ឋ២,៩% ក្នុងវិស័យកសិកម្ម។ ៣៧,៩% ក្នុងវិស័យឧស្សាហកម្ម។ សេវាកម្ម៥៩,៣% និងអត្រាអត់ការងារធ្វើ២,៩%។

រូបិយប័ណ្ណ ផ្លូវការរបស់ប្រទេសឆេកូ គឺក្រោន១ដុល្លារអាមេរិក ស្មើរនឹង២២,២២ក្រោន។ ផលិតផលសរុបមួយឆ្នាំ ៣៧៥,៧ពាន់លានដុល្លារ។ ប្រាក់ចំណូលប្រជាជនសរុបម្នាក់ ក្នុងមួយឆ្នាំ ៣ម៉ឺន ៥ពាន់ ៥រយដុល្លារ មានជាងថៃ មានជាងម៉ាឡេស៊ី និងក្រោមសិង្ហបុរីបន្តិចបន្តូច។ ប្រទេសឆែក នាំទំនិញចូល មកពីប្រទេសនានា សរុបជាទឹកប្រាក់១៤៧,៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ក្នុងនោះ អាល្លឺម៉ង់២៩,៨% ប៉ូឡូញ៩,១% ចិន៧,៤% ស្លូវ៉ាគី៥,៨% និងហូឡង់៥,៣%។ រីឯ កានាំចេញវិញតួលេខនេះ គឺ១៥៧,៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងនោះ អាល្លឺម៉ង់៣២,៨% ស្លូវ៉ាគី៧,៨% ប៉ូឡូញ៦,១% បារំាង៥,១% ដោយឡែកប្រាក់ចំណូល នៃវិស័យទេសចរណ៍ ឆែកមួយឆ្នាំទទួលបានប្រមាណ៦,៩ពាន់លានដុល្លារ។

ចំពោះចំណូលថវិកាជាតិក្នុងមួយឆ្នាំ៨២,៨ពាន់លានដុល្លារ។ ប្រទេសឆែក មានផ្លូវដែក៥៩៧៩ម៉ាយ ស្មើរនឹង៩.៦២២គីឡូម៉ែត្រ និងមានចំណតយន្តហោះចំនួន៤១កន្លែង។

គិតត្រឹមឆ្នាំ២០១៧ ប្រជាជនឆែកចំនួន៧៨,៧% មានប្រព័ន្ឋអ៊ីនធឺណិតប្រើប្រាស់ ។ ចំពោះការថែទាំសុខភាពវិញ ប្រជាជនឆែក បុរសភេទ មានអាយុជាមធ្យម៧៦ឆ្នាំ និងស្រី៨២,១ឆ្នាំ។ អត្រាកំណើត៩,២% ក្នុងចំណោមពលរដ្ឋ១ពាន់នាក់។ រីឯ អត្រាមរណៈភាព ១០,៥% ក្នុងចំណោមមួយពាន់នាក់។ ប្រជាជនឆែក៩៩% ចេះអក្សរ។

តាមពិតទៅ ប្រទេសកម្ពុជា និងឆែក គឺមានទំនាក់ទំនងល្អ ជាមួយគ្នាតាំងពី រវាងឆ្នាំ ១៩៦០ មកម៉្លេះ ហើយអតីត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា ក៏ធ្លាប់ជានិស្សិតសិក្សានៅប្រទេសឆេកូនេះ៕អត្ថបទ៖ ខៀវ កូឡា