ព័ត៌មានជាតិ

មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម៖ សំណង់មហាកុដិនៅវត្តគិរីសាលវ័ន (ហៅ វត្តថ្មី) យល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ

image

អត្ថបទ៖ ហ៊ាង ថាច
កំពង់ចាម៖ បន្ទាប់ពីមានការលើកឡើងនិងរិះគន់ផ្សេងៗនៅលើបណ្ដាញសង្គមក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះទៅលើមហាកុដិនៅវត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅឃុំទ្រានស្រុកកំពង់សៀម ខេត្តកំពង់ចាមរួចមក នៅរសៀលថ្ងៃទី៥ខែមីនាឆ្នាំ២០២៤នេះ មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាមបានចេញសេចក្តីប្រកាសព័ត៌មាន​ថា បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីសំណង់ ខាងលើ ដែលកសាងខុសរចនាបថខ្មែរ។ ភ្លាមៗនោះ មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម សាលា គណខេត្តកំពង់ចាម រដ្ឋបាលស្រុក កំពង់សៀម សាលាអនុគណស្រុកកំពង់សៀម និងអាជ្ញាធរ មូលដ្ឋាន បានចុះទៅពិនិត្យ និងជួបប្រជុំពិភាក្សាជាមួយព្រះ ចៅអធិការ អាចារ្យ គណៈកម្មការ វត្ត បានពិនិត្យឃើញថា សំណង់មហាកុដិនេះ នៅផ្ទៃខាងមុខមានរចនាបថមិនសមស្របជា លក្ខណៈខ្មែរពិតប្រាកដមែន។

នៅសេចក្តីប្រកាសព័ត៌មាននេះដដែល ជាដំណោះស្រាយ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត បានឯកភាពយល់ព្រមដូចខាងក្រោមទទួលស្គាល់ថាពិតជាមាន ការធ្វេសប្រហែសគិតគូរមិនបានដិតដល់ពិតមែន ពាក់ព័ន្ធនឹងរចនាបថនេះ។ហើយសាមីវត្ត យល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាស នា។

ជាមួយគ្នានេះ គណៈសង្ឃវត្ត ប្តេជ្ញាដឹកនាំទីអារាមនេះ ដោយអនុវត្តទៅតាមលក្ខខណ្ឌ ច្បាប់អនុញ្ញាត ដោយមិន ឲ្យមានបញ្ហាបែបនេះកើតឡើងជាថ្មីទៀតឡើយមិនតែប៉ុណ្ណោះ ទីកន្លែងនេះ មិនត្រឹមតែជាទីសេនាសនៈសម្រាប់ព្រះសង្ឃគង់ស្នាក់អាស្រ័យប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាកន្លែង ដែលបម្រើប្រយោជន៍របស់ព្រះពុទ្ធសាសនា ដែលមានដូចជា៖ បណ្ណាល័យ ទីសក្ការៈបូជា ដែលមានតម្កល់ ព្រះពុទ្ធរូប មានកន្លែងផ្សព្វផ្សាយព្រះធម៌ និងកន្លែង សម្រាប់ ធ្វើវិបស្សនាជាដើម។

សូមបញ្ជាក់ជូនថាសំណង់នេះ ត្រូវបានដំណើរការសាងសង់ចាប់ តាំងពីឆ្នាំ ២០១៨ មកម្លេះ ដោយពុំមានការសុំច្បាប់អនុញ្ញាតសាងសង់ នោះឡើយ ហើយនៅពេលចាប់ ផ្តើមគម្រោងសាងសង់ដំបូង ព្រះគ្រូចៅអធិការវត្ត ពិតជាបានសិក្សាគំនូសប្លង់ស្ថាបត្យកម្ម ជាមួយនឹងវិស្វករជំនាញត្រឹមត្រូវតាមរចនាបថខ្មែរ ប៉ុន្តែលុះក្រោយមក ព្រះចៅអធិការវត្ត និងជាង បានកែប្រែរចនាបថនេះ ខុសពីប្លង់ដើម នៅផ្នែកខាងមុខ។ សំណង់នេះ ពុំមែនគ្រាន់ តែជាកុដិសម្រាប់ព្រះគ្រូចៅអធិការវត្ត និងព្រះសង្ឃគង់នៅប៉ុណ្ណោះ ទេ តែជាសំណង់ជា ពហុបំណង កម្ពស់៣ជាន់ នៅជាន់ទីមួយ(ផ្ទាល់ដី) មានបន្ទប់ព្រះចៅអធិការវត្តគង់នៅមាន តម្កល់ព្រះពុទ្ធ បដិមាធំនៅចំកណ្តាល និងមានព្រះពុទ្ធអង្គតូចចំនួន ១០៨អង្គ នៅតាមជញ្ជាំង ព័ទ្ធជុំវិញ។ ជាន់ទីពីរ មានតម្កល់ព្រះសារីរិក្ក ធាតុជាទីកន្លែងសក្ការៈបូជា មានបន្ទប់បណ្ណាល័យ បន្ទប់ស្វីតយ៉ូវិទ្យុផ្សព្វផ្សាយព្រះធម៌ជាដើម៕