រយៈពេលពីរខែឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនារមណីដ្ឋានអង្គរកើនឡើងជាង ៥០%
ភ្នំពេញ៖ ក្នុងរយៈពេលខែដំបូង ឆ្នាំ២០២៤នេះ រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណជាង ២៣ម៉ឺននាក់ កើនឡើង ៥០,២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះកំណើនភ្ញៀវនេះ បានធ្វើឲ្យកម្ពុជាទទួលបានចំណូល ១១,២៣លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ កើនឡើង ៥២,០៩%។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុបជាង ៤៧ម៉ឺនដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ក្នុងរយៈពេលពីរខែនេះ ដើម្បីជួយក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។
គួរបញ្ជាក់ថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៧៩ម៉ឺននាក់ ទទួលបានចំណូលប្រមាណ ៣៧,១៩លានដុល្លារអាមេរិក កើនឡើងចំនួន ២២២,៦៨ភាគរយ បើធៀបកាលពីឆ្នាំ ២០២២៕