ជិតរួចហើយ! ស្ពានអាកាសព្រះមុន្នីវង្ស ខ្សែមេទី១ នៅសល់តែ៣៥ថ្ងៃទៀត នឹងបានធ្វើដំណើរហើយ
ភ្នំពេញ៖ គម្រោងខ្សែមេទី១ នៃស្ពានអាកាសព្រះមុន្នីវង្ស សាងសង់សម្រេចបានជាង ៩០ភាគរយហើយ និងគ្រោងបញ្ចប់គម្រោងទី១នេះ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីអាចឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នបាន សម្រួលដល់លំហូរចរាចរណ៍ និងកាត់បន្ថយបានការកកស្ទះនៅទៅទីនោះ។
លោក វ៉ា វណ្ណៈ ប្រធានគ្រប់គ្រងការដ្ឋានសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស បានឱ្យដឹងថា គម្រោងខ្សែមេទី១នេះ តភ្ជាប់ពីមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ភ្ជាប់ទៅកាន់មហាវិថីព្រះមុន្នីវង្ស។ បច្ចុប្បន្ន ក្រុមការងារជំនាញ កំពុងព្យាយាមយកចិត្តទុកដាក់បំផុតក្នុងការសាងសង់ ដើម្បីឱ្យសម្រេចបានទៅតាមផែនការ។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “គម្រោងស្ពានអាកាសនេះគិតត្រឹមមកដល់ថ្ងៃនេះ សម្រាប់ដំណាក់កាលទីមួយគឺយើងបានបញ្ចប់ជាង ៩០%។ សម្រាប់កាលបរិច្ឆេទបើកចរាចរណ៍ឱ្យប្រជាពលរដ្ឋធ្វើដំណើរនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅសល់ ៣៥ថ្ងៃទៀត។ តែបើគិតជាគម្រោងទាំងមូលគឺ រួចរាល់បាន៧០%ហើយ”។
ចំណែកពលរដ្ឋអ្នកដំណើរ ក៏បានសម្តែងអារម្មណ៍រីករាយចំពោះសម្មិទ្ធិផលថ្មីខាងលើនេះ ថ្វីត្បិតវាមិនទាន់សាងសង់រួចរាល់ក៏ពិតមែន ប៉ុន្តែពួកគាត់រំពឹងថា ស្ពាននេះនឹងជួយសម្រាលដល់ការកកស្ទះ ដែលពួកគាត់បានជូបប្រទះស្ទើររាល់ថ្ងៃ។
សូមបញ្ជាក់ថា ស្ពានអាកាសខាងលើនេះ ស្ថិតនៅព្រុំប្រទល់គ្នារវាងខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ បញ្ចៀសបានពីការកកស្ទះ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ស្ពាននេះ ជាស្ពានអាកាស២ជាន់ និងចែកចេញជា២គម្រោងសាងសង់ ដោយគម្រោងទី១ ត្រូវបញ្ចប់ការសាងសង់មុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ និងគម្រោងទី២ នឹងត្រូវបញ្ចប់ការសាងសង់មុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥។ គម្រោងសាងសង់នេះ ជាគម្រោងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ចំណាយថវិកា ជាង ៣៦លានដុល្លារ។
បច្ចុប្បន្ន នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស ៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែន(ស្ពានអាកាសផ្សារដីហ៊ុយ) ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ៕
ដោយ៖ ឌីយ៉ាម៉ង់