ព័ត៌មានជាតិ

អាហារឆៅ «ត្រីញៀន» របស់អ្នកខេត្តកោះកុង កំពុងអង្រួនចិត្ត ពលរដ្ឋតាមបណ្តារាជធានី-ខេត្ត

image


កោះកុង៖ ត្រីកាម៉យជាត្រីសមុទ្រមួយប្រភេទ កំពុងមានទីផ្សារល្អ ខណៈវាជាប្រភពដើមនៃការផលិតអាហារឆៅ មួយបែបមានឈ្មោះថា ត្រីញៀន ដែលបាន និងកំពុងអង្រួនចិត្តពលរដ្ឋតាមបណ្តារាជធានី-ខេត្ត និងគាំទ្រថា មានរសជាតិឆ្ងាញ់ ខណៈវាជាប្រភេទអាហារដែលបានគេអះអាងថា ជំនួយកម្លាំង និងប៉ូវក្រលៀន។

លោក រស់ ប៊ុនវិន្នុ ជាអ្នកទទួលទិញ និងចែកចាយអាហារសមុទ្រ នៅរាជធានីភ្នំពេញ កំពុងកាក់កបនឹងការលក់ត្រីញៀន និងទឹកត្រីបុកកោះកុង លក់មួយឈុតត្រឹមមួយម៉ឺនរៀល កើតចេញពីគំនិតច្នៃប្រឌិតយ៉ាងប៉ិនប្រសព្វ លើការផ្សំគ្រឿងទឹកត្រីបុកកោះកុង និងបន្លែធម្មជាតិ ត្រួយកន្ធំថេត កន្ទ្រាំងខែត្រសមុទ្រស្រស់ៗ ខ្ទឹមបំពង និងបន្លែជីគ្រប់មុខ យ៉ាងឆ្ងាញ់ពិសារ ប្រកបដោយខ្លិនប្រហើរគួរឲ្យជាប់ចិត្ត។

លោកនិយាយថា ក្នុងមួយថ្ងៃមិនក្រោមពី ៣០ម៉ឺនរៀលឡើយ ពីការផលិតលក់អាហារឆៅមួយបែបនេះ ខណៈរូបគាត់មានភូមិកំណើតមកពីខេត្តកោះកុងស្រាប់។

អ្នកស្រី ង៉ាស់ ម៉ារី ជាអ្នកធ្វើសាច់ត្រី កាម៉យ ក្នុងក្រុងខេមរភូមិន្ទ បាននិយាយថា អ្នកប្រកបមុខរបរធ្វើសាច់ត្រី កាម៉យ ដូចជារូបគាត់គឺមានចំនួនកើនឡើងច្រើនជាងគ្រាមុន ហើយការប្រមូលទិញត្រីកាម៉យពីអ្នកនេសាទ ក៏កាន់តែថមថយ ចំណែកការបញ្ជាទិញពីអតិថិជន កាន់តែមានតម្រូវការខ្ពស់ ដោយក្នុងមួយថ្ងៃប្រមូលទិញបានត្រឹមតែ ២០-៣០គីឡូក្រាម ប៉ុណ្ណោះ ស្របពេលដែលរដ្ឋបាលជលផលបិទការនេសាទត្រីកាម៉ុង ក្នុងរដូវកាលពងកូន ព្រោះថា ត្រីកាម៉យចូលមងព័ទ្ធលាយឡំជាមួយត្រីកាម៉ុង។

អ្នកស្រី ង៉ាស់ ម៉ារី និយាយទៀតថា អ្នកប្រកបមុខមួយនេះ កំពុងកាក់កបគ្រប់ៗគ្នា ព្រោះតែការនិយមគាំទ្ររបស់ពលរដ្ឋតាមរាជធានី-ខេត្ត លើអាហារឆៅ ត្រីញៀន នេះកាន់តែច្រើនឡើងៗ។

ចំណែកការចែកចាយនៅលើទីផ្សារ ក្នុងមួយគីឡូសាច់ត្រី ២ម៉ឺនរៀល វះបកស្បែកយ៉ាងស្អាតរួចរាល់ ខណៈការទិញចូលត្រឹម ៣ពាន់-៤ពាន់រៀលទេ ដោយក្នុង ៤គីឡូត្រី វះសាច់បានត្រឹមតែមួយគីឡូសាច់ត្រីប៉ុណ្ណោះ៕
អត្ថបទ៖ តាំង សុន្នី