សង្គម

ជីផាត ដែនដីទេសចរណ៍បែបវប្បធម៌ និងធម្មជាតិដ៏ប្រណិត រំពឹងទាក់ទាញអ្នកទស្សនាកាន់តែច្រើន ក្រោយការតភ្ជាប់ស្ពាននាពេលខាងមុខ

image


កោះកុង៖ បន្ទាប់ពីប្រជាពលរដ្ឋ បានផ្លាស់ប្តូរផ្នត់គំនិត ពីអ្នកដើរព្រៃបរបាញ់សត្វ ងាកមកចូលរួមថែរក្សា បរិស្ថានក្នុងតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ ធ្វើឲ្យឃុំជីផាត ប្រែមុខមាត់ថ្មី ជាតំ បន់ទេសចរណ៍ធម្មជាតិ យ៉ាងសម្បូរបែប និងកំពុងមានភាពទាក់ទាញភ្ញៀវទេសចរមកពីតំបន់ឆ្ងាយ មកលេងកម្សាន្តយ៉ាងច្រើនកុះករ។

អ្វីដែលជាភាពទាក់ទាញនោះ ក៏ព្រោះតែដែនដីជីផាត សម្បូរដោយរមណីដ្ឋានធម្មជាតិបែបប្រត្តិព្រេងបុរាណ ជាច្រើនកន្លែង ដូចជា៖ ឆាយធ្លាក់អូរទឹកវេត ពាងបុរាណ និងម្ឈូសបុរាណ ជាដើម ដែលកំពុងអង្រួនចិត្តភ្ញៀវទេសចរមកតំបន់ឆ្ងាយ មកទស្សនា ច្រើនឡើងនារដូវប្រាំង ។

ភ្ញៀវទេសចរនិយមចូលលេងកម្សាន្តនៅឆាយធ្លាក់អូរទឹកវេត ក្នុងចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីភូមិ ហើយស្ទឹងនេះដែរវាបានទាក់ទងនឹងរឿងព្រេងជាច្រើន ដែលភ្ញៀវទេសចរចង់សិក្សាស្វែងយល់ ក្នុងតំបន់ជីផាត។

ក្រៅពីនោះ ភ្ញៀវទេសចរ អាចបន្តដំណើរ ទស្សនាកម្សាន្ត ទីតាំងប្រវត្តិពាងបុរាណ និងម្ឈូសបុរាណ ដែលជាទីឋានគួរជាទីចាប់អារម្មណ៍ ពោលគឺជាអាថ៌កំបាំងពិតប្រាកដនៅក្នុងតបន់ជីផាត ដែលពីមុនគ្មាននរណាម្នាក់ដឹងពីប្រភពដើមពិតប្រាកដរបស់វានោះទេ។

កន្លែងនេះត្រូវបានរកឃើញដំបូងគេដោយអ្នកភូមិម្នាក់ប្រមូលទិញឈើគ្រញូងនៅឆ្នាំ ១៩៨៤ ។ ទីកន្លែងនេះគឺមានពាងបុរាណចំនួន ៧ ស្ថិតនៅលើកំពូលភ្នំ ដែលកាលនោះវាគ្រោះថ្នាក់ណាស់ក្នុងការឡើងលើកំពូលភ្នំដើម្បីមើលពាងទាំងនោះ វិធីដែលល្អគឺគេអាចឡើងលើដើមឈើ និងអាចមើលវាពីចម្ងាយបាន ប៉ុន្តែបច្ចុប្បន្ន ក្រុមម៉ូតូអ្នកទេសចរណ៍ផ្សងព្រេងកំពុងសម្រុកឡើងលេងកម្សាន្ត និងសិក្សាស្វែងយល់ ខណៈក្រសួងបរិស្ថានបានត្រួសត្រាយផ្លូវអាចធ្វើដំណើរបាន។

មិនឆ្ងាយប៉ុន្មាន ពីទីនោះដែរ ក៏មានម្ឈូសបុរាណទាំង ១៣ដែរ ត្រូវបានរក្សាទុកនៅលើជម្រាលភ្នំ។ ហើយបច្ចុប្បន្នក៏មានពាងខ្លះបានបែកខូចដែរ។ នេះទំនងជាដោយសារតែមនុស្សបានបំបែកសម្រាប់យកវត្ថុដែលមានតម្លៃនៅខាងក្នុងហើយ។ ប្រជាជនខ្មែរជំនាន់ដើមនៅក្នុងតំបន់នេះជឿជាក់ថា ប្រសិនបើកូនចៅរបស់ពួកគេបានពាក់ខ្សែកអង្កាំដែលបានយកពីទីនេះពួកគេនឹងទទួលបានភាពសុខល្អ ហើយនឹងមិនមានការឈឺថ្កាត់រំខាន់ឡើយ។

ទីកន្លែងនេះត្រូវបានការពារដោយប្រជាជននៅក្នុងតំបន់ជាពិសេស គឺមានការយកចិត្តទុកដាក់មើលថែដោយសហគមន៍អេកូទេសចរណ៍ជីផាត។

ក្រៅពីនេះ នៅមានប្រភេទម្ឈូសផ្សេងៗគ្នាទៀត ដែលមានរូបរាងដូចជាលិង្គ (ឬនិមិត្តសញ្ញាលិង្គ) ទំនងជាតំណាងឲ្យបុព្វក្ការីជនរបស់ពួកគេគឺជាបុរស កន្លែងមួយនេះមានចម្ងាយប្រមាណជា ២១គីឡូម៉ែត្រពីឃុំជីផាតហើយជាកម្មសិទ្ធិរបស់ភូមិជាំស្លា។

ភ្ញៀវទេសចរ ចំណាយពេលសម្រាប់ធ្វើដំណើរប្រមាណជា ៧ទៅ ៨ម៉ោង ដើម្បីទៅទីនោះហើយត្រឡប់មកវិញ ដោយការជិះកង់លើភ្នំ នៅតាមផ្លូវ គេត្រូវឆ្លងកាត់អូរចំនួន ៧។

តាមរយៈតំបន់ទេសចរណ៍ធម្មជាតិ បែបប្រវត្តិសាស្ត្រ ក្នុងតំបន់ជីផាត ដែលកំពុងបានទាក់ទាញអារម្មភ្ញៀវជាតិ និងអន្តរជាតិ កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋបាលខេត្តកោះកុង និងមន្ទីរជំនាញ ពាក់ព័ន្ធ កំពុងខ្នះខ្នែង សិក្សាកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ បន្ថែមលើអ្វីដែលកំពុងមានបច្ចុប្បន្ន ពិសេសនោះ គឺការបំពាក់ស្ពានបាឡេ ឆ្លងស្ទឹងជីផាត ដោយសព្វថ្ងៃនេះ ភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់អាស្រ័យលើាសឡង់។

កាលពីពេលថ្មីៗនេះ បើតាម លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង អះអាងថា ចំពោះដំណើការ បំពាក់ស្ពានបាឡេ ឆ្លងស្ទឹងជីផាត ខាងមន្ទីររបស់លោក បានចុះសិក្សា គម្រោងប្លង់ និងសិក្សាប៉ាន់តម្លៃរួចរាល់អស់ហើយ ពោលគឺរង់ចាំតែសេចក្តីសម្រេច ពីក្រសួង និងទីចាត់ការវិនិយោគរដ្ឋបាលប៉ុណ្ណោះ។ បើតាមការប៉ាន់ស្មាន គឺនៅក្នុងឆ្នាំ២០២៥ អាចនឹងដំណើរការសាងសង់ទម្របេតុងជាមុនសិន រួចនិងអាចស្ទូចស្ពានបាឡេ ដែលសល់ពីបាក់ខ្លង យកទៅបំពាក់ជាការស្រេច។

លោក អន សុវណ្ណ ប្រធានសហគមន៍ តំបន់ទេសចរណ៍ជីផាត បានឲ្យដឹងថា ខណៈដែលនៅពុំទាន់មានស្ពានផងនោះ កាលពីឆ្នាំ២០២៣ ចំនួនភ្ញៀវជាតិ និងអន្តរជាតិ បានដល់ទៅជាង ៣ពាន់នាក់ ពោលគឺកើនឡើងដល់ទៅ ៥១% ធៀបនឹងឆ្នាំ ២០២២។

លោកប្រធានសហគមន៍បង្ហាញក្តីរំពឹងថា សម្រាប់ឆ្នាំ ២០២៤ ដល់ ២០២៥ ចំនួនភ្ញៀវនឹងមានការកើនឡើងបន្ថែមទៀត ខណៈផ្លូវជាតិលេខ ៤៨ កំពុងពន្លឿនការស្ថាបានជិតរួចរាល់ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥ខាងមុខននេះ៕


អត្ថបទ៖ តាំង សុន្នី