មនុស្សរាប់ពាន់នាក់ដើរក្បួននៅក្នុងរដ្ឋធានីកៀវប្រឆាំងនឹងផែនការផ្តល់សិទ្ធិស្វ័យភាពពិសេសដល់តំបន់ភាគខាងកើតអ៊ុយក្រែន

មនុស្សរាប់ពាន់នាក់បានដើរក្បួននៅភាគកណ្តាលរដ្ឋធានីកៀវកាលពីថ្ងៃចន្ទដើម្បីតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងរបស់ប្រធានាធិបតីលោក វ៉ូឡូឌីមៀរ ហ្ស៊ីលែនស្គី (Volodymyr Zelenskiy) ជាមួយរុស្ស៊ីក្នុងការផ្តល់សិទ្ធិស្វ័យភាពពិសេសដល់តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយក្រុមឧទ្ទាមគាំទ្ររុស្ស៊ី។
សកម្មភាពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះរយៈពេល៥ឆ្នាំនៅទីនោះដែលបានសម្លាប់មនុស្សជាង១ម៉ឺន៣ពាន់នាក់។
មនុស្សប្រហែល២ម៉ឺននាក់រួមទាំងអតីតយុទ្ធជនសង្គ្រាមបានចូលរួមក្នុងការប្រមូលផ្តុំប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាគឺជាការធ្វើសម្បទានដែលមិនអាចទទួលយកបានរបស់លោក ហ្ស៊ីលែនស្គី (Zelenskiy) ។
អ្នកចរចារបស់អ៊ុយក្រែន, រុស្ស៊ី និងក្រុមផ្តាច់ខ្លួនបានព្រមព្រៀងគ្នាកាលពីខែមុនថា អ៊ុយក្រែននឹងផ្តល់សិទ្ធិស្វ័យភាពពិសេសដល់តំបន់ដុនបាស់ (Donbass) ដែលត្រូវបានគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួននិងរៀបចំការបោះឆ្នោតនៅទីនោះ។
កាលពីមុនរដ្ឋាភិបាលអ៊ុយក្រែនបានបដិសេធំពោះផែនការសន្តិភាពនេះ។ ហើយលោក ហ្ស៊ីលែនស្គី (Zelenskiy) បាននិយាយថាលោកនឹងមិនក្បត់អ៊ុយក្រែនឡើយហើយនឹងមិនឆ្លងកាត់ខ្សែបន្ទាត់ក្រហមណាមួយទេ។
ប៉ុន្តែពលរដ្ឋអ៊ុយក្រែនជាច្រើនបាននិយាយថាការធ្វើសម្បទាននោះគឺជាការក្បត់របស់លោក ហ្ស៊ីលែនស្គី (Zelenskiy) ដែលបានចូលកាន់តំណែងកាលពីខែមេសាបន្ទាប់ពីឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី៕
