ព័ត៌មានជាតិ

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល នៅលើផ្ទៃដី ១២០ហិកតា

image


ភ្នំពេញ៖ បន្ទាប់ពីទទួលបានការជឿទុកចិត្តពីក្រុមហ៊ុនយីហោល្បីៗលំដាប់អន្តរជាតិ ចូលមកវិនិយោគក្នុងទីតាំងរបស់ខ្លួនកាន់តែច្រើនឡើង ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) របស់អ្នកឧកញ៉ា គិត ម៉េង កំពុងឈានទៅបង្កើតឡើងនៃតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ដើម្បីបំពេញនូវតម្រូវការទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់ ជុំវិញរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាពការអភិវឌ្ឍ និងគម្រោងការឆ្នាំ២០២៤ នៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។


ក្រុមហ៊ុន RGKSEZ បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការស្នើសុំបង្កើត «តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬ Royal Group Kandal Special Economic Zone (RGKSEZ)» ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ហិកតា និងតភ្ជាប់ពី តំបន់សេដ្ឋ កិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយស្ពានថ្មីមួយឆ្លងស្ទឹងព្រែកត្នោត ដែលក្រុមហ៊ុនបានសាងសង់រួចតាំងពីឆ្នាំ ២០២២។


ក្រុមហ៊ុន បានបញ្ជាក់ថា៖ «យើងបានចាប់ផ្តើមដំណើរការងារចាក់ដីបំពេញ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោល អាចនឹងត្រូវបញ្ចប់ ដើម្បីទទួល ស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុងឆ្នាំនេះដែរ។ ដោយសារតម្រូវការទីតាំងវិនិយោគមានការកើនឡើង ដីទំហំប្រមាណ ១០០ហិកតា ត្រូវបានកក់ទុកមុនរួចទៅហើយ ដោយក្រុមហ៊ុនមួយដែលកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ នៅពេលដំណើរការផលិតពេញលេញ ក្រុមហ៊ុននេះនឹងបង្កើតឱកាសការងារប្រមាណ ២ម៉ឺន នាក់ថែមទៀតដល់ប្រជាជនខ្មែរ»។
សូមរំលឹកថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៦មក តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានអភិវឌ្ឍន៍ឥតឈប់ឈរ និងបានផ្លាស់ប្តូរមុខមាត់ថ្មីនៃទឹកដីតំបន់នេះ ដែលធ្លាប់តែជាវាលស្រែហើយមានសកម្មភាពការងារដ៏តិចតួច មកជាតំបន់ឧស្សា ហកម្មឈានមុខគេមួយ ដែលមានក្រុមហ៊ុនកម្មន្តសាលចំនួន ៨៥ក្រុមហ៊ុន និងក្រុមហ៊ុនមិនមែនកម្មន្តសាល ចំនួន ២៩ក្រុមហ៊ុន និងផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរដល់ទៅជាង ៤៣.០០០នាក់។
នៅដើមឆ្នាំ ២០២៤នេះ ក្រុមហ៊ុនពិតជាមានការចាប់ផ្តើមមួយដ៏ល្អប្រសើរ ដោយការនាំចេញសរុប ក្នុងខែមករា និងខែកុម្ភៈ មានតម្លៃ ២៦៤លានដុល្លារអាមេរិក គឺ ៥% ខ្ពស់ជាងតួលេខក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។ យើងអាចរំពឹងបានថា នៅក្នុងឆ្នាំនេះ យើងអាចនឹងបំបែកកំណត់ត្រាខ្លួនឯងម្តងទៀត ដោយការនាំចេញសរុបប្រមាណ ២.០០០លានដុល្លារអាមេរិក។


ទន្ទឹមនឹងនេះ RGKSEZ បានចាត់ទុកថា ឆ្នាំនេះ គឺជាឆ្នាំពិសេសមួយ ដែលមានព្រឹត្តិការណ៍ដ៏គួរឲ្យទន្ទឹងរង់ចាំជាច្រើន។ ព្រឹត្តិការណ៍មួយក្នុងចំណោមនោះ គឺការបើកសម្ភោធជាផ្លូវការ និងដំណើរការដំឡើងរថយន្តម៉ាក តូយ៉ូតា (Toyota) ដ៏ល្បីល្បាញនៃក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. និងការបើកសម្ភោធជាផ្លូវការ និងដំណើរការនៃក្រុមហ៊ុន Metal Jewelry (Cambodia) Co., Ltd. ដែលជាវិនិយោគិនពីប្រទេសបារាំងដំបូងគេ និងជារោងចក្រផលិតគ្រឿងអលង្ការទាន់សម័យ ដំបូងគេ ក្នុងតំបន់សេដ្ឋកិច្ចពិសេសយើង។
ក្រុមហ៊ុន បានបន្ថែមទៀតថា ក្រៅពីការងារពង្រីកបន្ថែមនេះ ក្រុមហ៊ុន ក៏មានការតាំងចិត្តយ៉ាងមុតមាំសម្រាប់ឆ្នាំ ២០២៤នេះ ចំពោះគម្រោងនានា ពាក់ព័ន្ធនឹងការគាំពារបរិស្ថានផងដែរ ក្នុងនោះមាន ការបង្កើនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ការសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឺកកខ្វក់ថ្មីមួយដែលមានប្រសិទ្ធិភាពខ្ពស់ជាងមុន ការលក់ផលិតផលកែច្នៃពីសំណល់ប្លាស្ទីក និងការផ្លាស់ប្តូរឲ្យតំបន់យើងក្លាយទៅជាតំបន់សេដ្ឋកិច្ចដែលមានការបំពុលសូន្យ (Zero Emission SEZ)។


សូមជម្រាបថា​ រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន អាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ និងការជួញដូរ នាំចេញនាំចូល៕