ព័ត៌មានជាតិ

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” មានទីតាំងប្រវត្តិសាស្ត្រជាច្រើន ដែលអ្នកទេសចរមិនគួររំលង

image


ភ្នំពេញ៖ ភ្នំគូលែន មានទីតាំងស្ថិតនៅក្នុងភូមិគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ នៃខេត្តសៀមរាប។ ភ្នំគូលែន ឬមហេន្ទ្របព៌ត មានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ជាទីតាំងបុរាណដែលបានបង្កប់នូវអត្ថន័យខាងជំនឿសាសនាជាច្រើនបានបន្សល់ទុកពីសម័យបុរាណ្យ។

នៅលើភ្នំគូលែនមានឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយបានបន្សល់ទុកនូវសំណង់ប្រវត្តិសាស្ត្រច្រើនប្រភេទ មានដូចជា សំណង់ប្រាសាទបុរាណ និងស្ថានីយបុរាណជាច្រើនកន្លែង រួមទាំង មានសហគមន៍មនុស្សផងដែរ ដែលនាំឱ្យតំបន់ភ្នំគូលែនបានក្លាយជាទីតាំងដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវទាំងឡាយ ចាប់តាំងពីចុងសតវត្សទី១៩ រហូតមកដល់បច្ចុប្បន្ន ដោយសារសំណង់ប្រាសាទបុរាណ វត្ថុសិល្បៈ សិលា ចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិជាដើម។

យោងតាមសិលាចារឹកស្តុកកក់ធំដែលមានលេខសំគាល់K.២៣៥ បានចារឡើងនៅអំឡុងសតវត្សទី១១ ភ្នំគូលែន ជាទីតាំងនៃរាជធានីបុរាណដែលមានវ័យចំណាស់នៅក្នុងតំបន់ និងត្រូវបានកសាងឡើងក្នុងរាជរបស់ព្រះបាទជ័យ វរ្ម័នទី២ នាដើមសតវត្សទី៩ ដោយមានឈ្មោះថា មហេន្ទ្របព៌ត (លំនៅស្ថានរបស់ព្រះឥសូរ ជាអាទិទេពកំពូល នៃព្រហ្មញ្ញសាសនា)។ សិលាចារឹកខាងលើនេះត្រូវបានចារឡើងនៅក្នុងរយៈកាលជាង២០០ឆ្នាំ ក្រោយការយាង ចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី២ ហើយអ្នកស្រាវជ្រាវស្ទើរគ្រប់ជំនាន់តែងបានយោងសិលាចារឹកខាងលើនេះ ដើម្បីរៀបរាប់អំពីប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី២។


ដោយសារកត្តាទាំងអស់នេះហើយទើបមកដល់ពេលនេះភ្នំគូលែន ត្រូវបានគេស្គាល់ថា ជាតំបន់ទេសចរណ៍ដែលមានសក្ដានុពលខ្លាំងទៅលើធនធានធម្មជាតិ ជាពិសេសប្រាង្គប្រាសាទបុរាណ ទឹកធ្លាក់ និងតំបន់ទេសភាពប្លែកៗជាច្រើនរាប់មិនអស់ទៀត។

សម្រាប់ទីកន្លែងកម្សាន្តសំខាន់ៗនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានដូចជា៖

- “ស្រះដំរី” ដែលមានទីតាំងស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ទីនេះ អ្នកទេសចរអាចធ្វើដំណើរតាមម៉ូតូកាត់តាមភូមិថ្មី វត្តព្រះក្រាល រួចបន្តដំណើរទៅមុខប្រមាណ ៣គីឡូម៉ែត្រ មានស្ពានមួយ ទៅមុខបន្តិចដល់ល្អាងប្រចៀវ បន្ទាប់មកមានផ្លូវម៉ូតូមួយទៅខាងឆ្វេងដៃប្រមាណ ៣០០ម៉ែត្រ ដល់ស្រះដំរី។ ស្រះដំរី ជាឈ្មោះដែលប្រជាជនហៅ ដោយមានរូបដំរីធំមួយ និងនៅពីមុខនោះមានស្រះទឹកមួយផងដែរ។ ស្រះដំរីមានសំណង់ជាច្រើនគួរឲ្យចាប់អារម្មណ៍ និងមានទេសភាពគួរឲ្យចង់ទស្សនាមិនចេះនឿយណាយ។ ទីកន្លែងនេះមិនត្រឹមមានទេសភាពស្អាតទេ តែនៅបង្កបដោយជំនឿដែលអ្នកទេសចរអាចបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនទៀតផង។


- “ពើងទុកព្រះ” ជាទីកន្លែងដែលគេស្គាល់ថា អាចមើលសមុទ្រពពកបានយ៉ាងល្អឯក។ ទីនេះអ្នកទេសចរអាច ទៅបោះតង់ជុំគ្នាលំហែកាយរំសាយស្ត្រេស និងដើម្បីទទួលយកបទពិសោធន៍នៃដំណើរកម្សាន្តថ្មីផងដែរ។

- “ទឹកធ្លាក់ក្បាលស្ទឹង” ស្ថិតនៅក្នុងភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ចម្ងាយប្រហែល ៥.៥គីឡូម៉ែត្រ ពីវត្តព្រះអង្គធំ។ ទីនេះមានធនធានធម្មជាតិ ទឹកដ៏អស្ចារ្យដែលអាចឱ្យអ្នកទេសចរលេងកម្សាន្តរំសាយភាពនឿយហត់ និងបានថតរូបលេងជាមួយទេសភាពស្អាតៗជាច្រើនឥតគណនា។


- “អូរពាមគ្រែ” ជារមណីយដ្ឋានធម្មជាតិមួយដែលទើបតែបើកដំណើរការក្នុងរយៈពេលថ្មីៗនេះ។ អ្នកទេសចរអាចទៅសម្រាកលំហែទីនោះបានក្នុងមធ្យោបាយបោះតង់ដើម្បីគេង និងកម្សាន្តអារម្មណ៍ ផងដែរ។ ជាបទពិសោធន៍ចំពោះអ្នកទេសចរទាំងឡាយដែលបានទៅដល់ទីនោះតែងតែទទួលបាននូវអារម្មណ៍មួយស្រស់ថ្លា ជាមួយនឹងទឹកស្ទឹងដែលហូរមកប្រសព្វគ្នាបីទិសដៅផ្សេងគ្នាប្រៀបជាទន្លេចតុមុខ។

- “ល្អាងប្រចៀវ” ស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ទីនេះអ្នកទេសចរអាចទស្សនារូងល្អាងថ្មដែលមានសត្វប្រចៀវរស់នៅជាច្រើន ក្រៅពីនោះ អ្នកទេសចរក៏អាចឡើងលើកំពូលល្អាងដែលមានខ្យល់ និងមានទេសភាពស្អាតគួរឲ្យចាប់អារម្មណ៍ ផងដែរ។
- “ប្រាសាទ អូរតុប” ជាប្រាសាទបុរាណខ្មែរមួយក្នុងចំណោមប្រាសាទផ្សេងៗទៀតលើភ្នំគូលែន ដែលបាន សាងសង់អំពីឥដ្ឋបែរមុខទៅទិសខាងកើត សង់លើខឿនថ្មបាយក្រៀម ហើយមានធម្មជាតិព្រៃព្រឹក្សាព័ទ្ធជុំវិញយ៉ាង ស្រស់ស្អាត។ ប្រាសាទនេះមានតួប៉មបី តួសងខាងបាក់បែក តួកណ្តាលមានការទ្រុឌទ្រោម តែគេមិនបានប្រទះឃើញស្លាកស្នាមសិល្បៈដូចជាផ្តែរ ឬសសរពេជ្រនោះទេ។ នៅក្បែរប្រាសាទនេះមានស្លាកស្នាមកាប់ថ្មសម្រាប់ប្រើប្រាស់ និងស្លាស្នាមរន្ធសសរដែលមុនមានសំណង់ឈើខាងលើ។

- “ទឹកធ្លាក់អន្លង់រុន” ស្ថិតនៅលើខ្នងភ្នំគូលែន ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយដែលអ្នកទេសចរកម្ររំលង កាលណាគេបានទៅដល់ទឹកដីនៃឧទ្យានជាតិភ្នំគូលែន។ ទឹកធ្លាក់មួយនេះ មានអំណោយផលល្អពីធម្មជាតិ មានទេសភាពស្រស់ត្រកាល ពិសេសនៅរដូវវស្សា និងហ៊ុមព័ទ្ធទៅដោយព្រៃឈើសងខាង ទឹកហូរកាត់ថ្មមិនចេះដាច់។ ទីកន្លែងនេះក៏សក្តិសមសម្រាប់បោះតង់អ្នកទេសចរផងដែរ។

- “ទឹកធ្លាក់អូរតាចក់” ស្ថិតនៅសហគមន៍ ព្រៃធំ អន្លង់ធំ ជាកន្លែងសក្តិសមសម្រាប់បោះតង់សម្រាកលំហែកាយ និងទីកន្លែងកម្សាន្តដ៏មនោរម្យមួយកន្លែងនៃទឹកដីដ៏ពិសិដ្ឋឧទ្យានជាតិភ្នំគូលែន ផងដែរ៕