ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ កម្ពុជា គាំទ្រចំពោះគំនិតផ្តួចផ្តើមនៃការបង្កើតឲ្យមានសៀវភៅស្តីពី«អប់រំផ្លូវចិត្ត»

image


ភ្នំពេញ៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) កំពុងរៀបចំបង្កើតសៀវភៅស្តីពីការ«អប់រំចិត្ត» ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ពាក់ព័ន្ធការអប់រំចិត្តនេះឲ្យកាន់តែទូលំទូលាយ។ នេះបើតាមលោក Ock Soo PARK ស្ថាបនិកនៃអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ថ្លែងក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងគ្រានោះ លោក Ock Soo PARK បានមានប្រសាសន៍ថា អង្គការសម្ព័ន្ធយុវជនអន្តរជាតិ កំពុងធ្វើការងារជាមួយប្រទេសជាច្រើន ដើម្បីលើកកម្ពស់កម្មវិធីអប់រំចិត្តទៅកាន់យុវជន និងសិស្សានុសិស្សនៅតាមបណ្ដាសាលា ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអប់រំចិត្តក្នុងកម្មវិធីសិក្សា ដែលបង្រៀនឲ្យយុវជនចេះត្រិះរិះពិចារណាស៊ីជ្រៅ ចេះត្រួសត្រាយជីវិតខ្លួនឯងទៅរកផ្លូវត្រូវ។ បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ ក៏កំពុងរៀបចំបង្កើតសៀវភៅស្តីពីការអប់រំចិត្ត ដើម្បីផ្សព្វផ្សាយចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ពាក់ព័ន្ធការអប់រំចិត្តនេះឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

​ក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក៏បាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពផ្លូវចិត្តសិស្សានុសិស្ស ដោយបានដាក់បញ្ចូលការអប់រំចិត្តទៅក្នុងកម្មវិធីសិក្សានៅតាមសាលា និងតាមរយៈកម្មវិធីក្រៅម៉ោងសិក្សា ដែលមានដូចជា ការធ្វើសមាធិ ការអប់រំចរិយាធម៌ និងសីលធម៌ តាមបែបពុទ្ធសាសនាជាដើម ដែលទាំងអស់នេះសុទ្ធសឹងតែរួមចំណែកគាំទ្រដល់គោលដៅរួម នៃការអប់រំ ៣ចំណុច គឺផ្ដល់ចំណេះដឹង បំណិនជីវិត និងជំរុញឲ្យយុវជនមានភាពជាពលរដ្ឋសកល តបតាមអនុសាសន៍វិធានគន្លឹះទាំង៤ ក្នុងវិស័យអប់រំ របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមនៃការបង្កើតឲ្យមានសៀវភៅស្តីពីការអប់រំផ្លូវចិត្ត ដែលនឹងជួយជំរុញឲ្យយុវជនជំនាន់ក្រោយកាន់តែងាយស្រួលក្នុងការស្វែងយល់ និងធ្វើស្វ័យសិក្សាបន្ថែមដោយខ្លួនឯងឲ្យកាន់តែស៊ីជម្រៅអំពីការអប់រំចិត្ត ក៏ដូចជាបន្តប្រើប្រាស់ដើម្បីបង្រៀនកាន់តែទូលំទូលាយពីមួយជំនាន់ទៅមួយជំនាន់៕

អត្ថបទ៖ CNC​