សង្គម

អភិបាលខេត្តមណ្ឌលគិរី ស្នើសុំដកតំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ពាក់ព័ន្ធបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ

image


អត្ថបទ៖ ប៊ុត​​ សុភ័ក្រ


មណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី  បានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើសុំសម្រួលភារកិច្ច លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថាន ក្រោយកើតមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃណាមលៀរ ។

នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី គោរពជូនទៅ លោក អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បញ្ជាក់ថា យោង​ស្មារតី​កិច្ចប្រជុំ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី បន្ទាប់​ពី​ទទួល​បាន​អនុសាសន៍ ណែនាំ៧​ចំណុច នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ របស់​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ក្នុង​ការ​ចាត់វិធានការ​រដ្ឋបាល​មន្ត្រី​ពាក់ព័ន្ធ​ករណី​បទល្មើស​ធនធានធម្មជាតិ នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ ។

យោង​ស្មារតី​កិច្ចប្រជុំ​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​ករណី​នេះ​ស្នើ​សុំ លោក​បណ្ឌិត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដូច​ខាងក្រោម​៖ ១-​ស្នើ​សុំ​សម្រួល​ភារកិច្ច លោក ឆៅ ប៊ុ​ន​ធឿ​ន ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឱ្យទៅ​បម្រើ​ការងារ​នៅ​ទីស្តីការក្រសួង បរិស្ថាន​។ ២-​ស្នើ​សុំ​តែងតាំង លោក ឌិន ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ជា​ប្រធាន​ស្តីទី​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បីដឹកនាំ​ការងារ​បណ្តោះអាសន្ន​នៅ​មន្ទីរ​។ ៣-​សូម​គោរព​ស្នើ​សុំ លោក​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យ​មន្ត្រី​មួយ​រូប​ដែល​មាន​សមត្ថភាព មានការ​ទទួលខុសត្រូវ និង​មាន​ទំនាក់ទំនង​ការងារ​ល្អ ដើម្បី​តែងតាំង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ។

គួររំលឹកថា លោកនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងចម្រុះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យការទន្ទ្រានយកដីរដ្ឋក្នុងទំហំធំមហាសាលលាតសន្ធឹងលើដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

នៅក្នុងកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធនៅសាលាខេត្តមណ្ឌលគិរី កាលពីថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ លោកនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងស្ថាប័នរៀងៗខ្លួន ត្រូវស្រាវជ្រាវវែកមុខរកមេខ្លោង មេខ្យល់ ដែលបំផុសឲ្យមានការកាប់ទន្ទ្រានយកដីរដ្ឋក្នុងទ្រង់ទ្រាយច្រើនបែបនេះ ហើយប្រសិនរកឃើញថាមានមន្ត្រីរាជការ ឬកងកម្លាំង មានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ ។

ការស្នើសុំសម្រួលភារកិច្ចប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបានមជ្ឈដ្ឋាននានាយល់ឃើញថា ទំនងលោកប្រធានមន្ទីរមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃណាមលៀរនេះហើយ ៕