តើការដឹកជញ្ជូនទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសទី៣ ឬពីប្រទេសទី ៣មកកម្ពុជា ឆ្លងកាត់ប្រទេសវៀតណាម ជួបការលំបាកអ្វីខ្លះ?
ភ្នំពេញ៖ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានអះអាងថា ការដឹកជញ្ជូនទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសទី ៣ ឬពីប្រទេសទី៣មកកម្ពុជា ដែលឆ្លងកាត់ប្រទេសវៀតណាម នាពេលកន្លងមកតែងតែជួបបញ្ហាលំបាកធំចំនួនពីរ គឺការចំណាយខ្ពស់លើថ្លៃថែទាំផ្លូវពេលឆ្លងកាត់ និងការទាមទារត្រួតពិនិត្យទំនិញ ដែលធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការបញ្ជូនទំនិញ និងត្រូវចំ ណាយបន្ថែមលើថ្លៃស្តុកទំនិញ ដែលការណ៍នេះ គឺផ្ទុយទៅនឹងកិច្ចព្រមព្រៀងអាស៊ាន GMS ដែលមិនតម្រូវឲ្យធ្វើបែបនេះឡើយ។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់ថា បញ្ហាទាំងពីរនេះ គឺកើតឡើងជាច្រើនឆ្នាំមកហើយ។ ក្នុងនោះបញ្ហាទីមួយ គឺទំនិញរបស់កម្ពុជា ដែលត្រូវបញ្ជូនទៅកាន់ប្រទេសទី ៣ ដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម ត្រូវបានប្រទេសនេះទាមទារឲ្យបង់ថ្លៃថែទាំផ្លូវ ដោយក្នុង ២០ហ្វីត ទូរកុងតឺន័រ ថ្លៃ ១០០ដុល្លារ និង ៤០ហ្វីត ទូរកុងតឺន័រ ថ្លៃ ១២០ដុល្លារ។
ចំណែកបញ្ហាទីពីរ ឧកញ៉ា បានពន្យល់ថា ចំពោះទំនិញដែលដឹកញ្ជូនពីប្រទេសផ្សេងៗមកកាន់កម្ពុជា ឆ្លងកាត់ប្រទេសវៀតណាម ភាគច្រើនត្រូវបានអាជ្ញាធរវៀតណាមទាមទារធ្វើការត្រួតពិនិត្យជាចាំបាច់ ដោយលើកពីមូលហេតុផ្សេងៗ ដែលធ្វើឲ្យរាំងស្ទះដល់ការដឹកជញ្ជូនទំនិញ ហើយត្រូវពន្យាពេលរយៈពេលយូរ និងត្រូវការបង់ថ្លៃស្តុកទំនិញ រួមជាមួយថ្លៃសេវាផ្សេងៗទៀត ខណៈជាទូទៅការដឹកជញ្ជូនទំនិញឆ្លងកាត់បែបអន្តរជាតិ (Transit) គឺគេមិនតម្រូវឲ្យមានការត្រួតពិនិត្យរូបវ័ន្តអ្វីនោះទេ។ ដូច្នេះកត្តាទំាងពីរនេះ បានធ្វើឲ្យការចំណាយថ្លៃដើមកើនឡើងខ្ពស់ និងការបញ្ជូនទំនិញទៅគោលដៅមានភាពយឺតយ៉ាវ។
ទោះជាយ៉ាងណាឧកញ៉ា បានលើកឡើងថា កន្លងមកក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ធ្លាប់បានស្នើឲ្យភាគីវៀតណាមធ្វើការសម្រសម្រួលក្នុងការបញ្ជូនទំនិញរបស់កម្ពុជា ទៅកាន់ប្រទសគោលដៅ ឬប្រទេសទី៣ ដោយមិនចាំបាច់បង់ប្រាក់ និងការបញ្ជូនទំនិញមកកម្ពុជា ឆ្លងកាត់វៀតណាម ឲ្យកាន់តែមានភាពងាយស្រួល ក៏ដូចជា លឿនជាងមុនផងដែរ ប៉ុន្តែរហូតមកដល់នឹងពេលនេះមិនទាន់ឃើញចេញលទ្ធផលនៅឡើយ។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងសម្រួលដល់ការដឹកជញ្ជូនទំនិញកាន់តែលឿន និងមានតម្លៃទាបប្រកបដោយភាពប្រកួតប្រជែងខ្ពស់ទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យមានការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលនឹងក្លាយជាមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់តភ្ជាប់ពីទន្លេទឹកសាប ទៅកាន់សមុទ្ររបស់កម្ពុជា ឲ្យបានជោគជ័យនាពេលខាងមុខនេះ ទោះបីជាមានការទំទាស់ និងលាបពណ៌ដោយភាគីវៀតណាម និងមេដឹកនាំក្រុមជ្រុលនិយមកម្ពុជាក៏ដោយ។
ថ្លែងនៅក្នុងពិធីសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសពីការប្តូរផ្តាច់ក្នុងការក៏សាងសាងព្រែកជីកហ្វូណនតេជោឲ្យមានជោគជ័យដោយមិនរាថយឡើយ ព្រោះគម្រោងនេះ នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា ដ៏មហិមានាពេលអនាគត ហើយកម្ពុជា ក៏មិនអាចនៅបន្តពឹងដង្ហើម ឬច្រមុះគេដករហូតនោះដែរ ព្រោះថា ប្រសិនបើថ្ងៃណាមួយគេមិនសប្បាយចិត្ត គេនឹងមិនឲ្យយើងដកដង្ហើមបានស្រួលនោះទេ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យមានចលនាជាតិគាំទ្រលើគម្រោងព្រែកជីកហ្វូនតេជោ ដ៏មានសារៈសំខាន់នេះ ហើយថា ប្រសិនជាមិនទាន់មានទុនគ្រាប់គ្រាន់ទេនោះ សម្តេចអំពាវនាវឲ្យវិនិយោគិនក្នុងស្រុករួមគ្នា ចូលរួមបោះទុនវិនិយោគលើគម្រោងនេះផងដែរ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១.៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។ តាមការគ្រោងទុកគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ នឹងចាប់ផ្តើមបើកការរដ្ឋានសាងសង់នៅខែមិថុនា ឬខែកក្កដា ខាងមុខនេះហើយ៕
អត្ថបទ៖ សៀម ប៊ុនធី