ព័ត៌មានជាតិ

កសិករស្រុកថ្មបាំង មួយចំនួនងាកមកចាប់មុខរបរ ធ្វើចេកឆាបឡើងវិញ ក្រោយទទួលបានការបណ្តុះបណ្តាលបន្ថែមពីមន្ត្រីជំនាញ

image


កោះកុង៖ ចេកឆាប អ្នកស្រុកថ្មបាំង ធ្លាប់បង្ហាញវត្តមាននៅក្នុងសមាជិក ភូមិមួយ ផលិតផលមួយ ប៉ុន្តែត្រូវបាត់វត្តមាននៅលើទីផ្សារអស់មួយកាល ខណៈខ្វះការកែច្នៃ គុណភាពវិចខ្ចប់ និងស្លាកសញ្ញាផលិតផល។

បច្ចុប្បន្ន កសិករស្រុកថ្មបាំង មួយចំនួនងាកមកចាប់មុខរបរ ធ្វើចេកឆាប នេះឡើងវិញ គ្រាដែលខានការផលិតមួយរយៈកាលកន្លងមក ក្រោយទទួលបានការពង្រឹងសមត្ថភាព គុណភាព និងការវិចខ្ចប់ ពីមន្ត្រីការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច នៃមន្ទីរកិច្ចការនារី។

អ្នកស្រី ឈាន ចន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច អះអាងថា បច្ចុប្បន្នកសិករហាក់ពុំសូវចាប់អារម្មណ៍ លើការផលិតចេកឆាបនោះទេ ពោលគឺមានតែកសិករមួយចំនួនតូចទេ ដែលគាត់មានពេលវេលាក្នុងផលិត ក្នុងនោះពួកគាត់ហាក់ពុំសូវមមាញឹកលើការងារស្រែចម្ការច្រើន ខណៈពួកគាត់ធ្វើតែចម្ការចេកតែមួយមុខ ក្រៅពីនោះភាគច្រើនជាអ្នកធ្វើចម្ការចម្រុះ ទើបពុំមានពេលវេលាបន្ថែមលើមុខរបរធ្វើចេកឆាបមួយនេះ។

បច្ចុប្បន្ននៅមានកសិករប្រកបមុខរបរនេះ ពី ៥ទៅ ៦គ្រួសារទេ ដែលឧស្សាហ៍ព្យាយាម ក្នុងការផលិត ចេកឆាប ខណៈកសិករឈ្មោះ ហម ស៊ាងឡេង ទទួលបានផលចំណេញ និងប្រាក់ចំណូលខ្ពស់ជាងគេ ដោយក្នុងមួយសប្តាហ៍ គាត់អាចផលិតបាន ៦០-៧០គីឡូក្រាម ក្នុងមួយគីឡូក្រាម ២០.០០០រៀល (ពីរម៉ឺនរៀល) បើវិចខ្ចប់រួច មួយកញ្ចប់ ២.៥០០រៀល (ពីរពាន់ប្រាំរយរៀល) នៅក្នុងហាងទំនើប។

ការទទួលបានប្រាក់ចំណូលខ្ពស់នេះ ធ្វើឡើងបន្ទាប់ពីរូបគាត់មានគំនិតកែច្នៃ រសជាតិដើម មកជារសជាតិថ្មីតាមបច្ចេកទេស ពីមន្ត្រីជំនាញ ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច សមស្របតាមតម្រូវការទីផ្សារ ចេកឆាប ពោលគឺគាត់យកចេកអំបូងមកផលិត ព្រោះវា មានរសជាតិក្រអូបឈ្ងុយឆ្ងាញ់ ជាងចេកទឹក (ចេកណាមវ៉ា)។

សូមជម្រាបថា ការធ្វើចេកឆាប ពុំមានអ្វីជាការលំបាកនោះទេ មុននឹងវិចខ្ចប់ ហើយចង់រក្សាទុកបានយូរ ដោយគេគ្រាន់តែយកចេកចាស់ មកបកសំបក ចិតជាបន្ទះៗស្តើងល្មម យកទៅត្រាំទឹកអំបិល ច្របាច់ក្រូចឆ្មាលាយគ្នា ឲ្យអស់ជ័រ ដើម្បីជួយបង្កើនពណ៌ស្រស់ខ្ចី ហើយយកមកសំដិលឲ្យស្ងួតទឹក ទើបយកមកបំពង ឲ្យស្រួយល្មម ស្រង់វាឡើង មកច្របល់គ្រឿង មានដូចជា ម៉្សៅស៊ុប ស្ករស ម្ទេសក្រៀម ខ្ទឹមស ស្លឹកក្រូច តាមការនិយមចូលចិត្ត៕

អត្ថបទ៖ តាំង សុន្នី