សង្គម

សម្តេចនាយករដ្ឋមន្ដ្រី៖ កុំមើលងាយជំហានគីង្គក់ តែគីង្គក់លោតទៅមុខជានិច្ច!

image


អត្ថបទ៖ CNC

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានអ្នកសើចជំហានគីង្គក់ តែគីង្គក់លោតទៅមុខជានិច្ច។

ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រ ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។

​«មានអ្នកខ្លះសើចចំអកនយោបាយជំហានគីង្គក់ តែពេលអ្នកឯងសើចគីង្គក់ គីង្គក់លោតទៅមុខជានិច្ច!»។ នេះជាប្រសាសន៍របស់សម្ដេចធិបតី។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត​ ចក្ខុវិស័យររបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ គឺជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅ​កម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្នែកលើជំនាញ ស្របតាម គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់ ដែលទ្រទ្រង់ដល់កំណើន សេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និង បរិយាប័ន្ន, ការបង្កើតការងារ, ការបង្កើនប្រាក់ចំណូល សមស្រប និង ជីវភាពកាន់តែប្រសើរ ឡើងជូនបងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចធិបតី​ បានថ្លែងថា សម្តេចពិតជាមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលសុខសន្តិភាព, ស្ថិរភាព នយោបាយ, ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និង កម្លាំងពលកម្មជំនាញវ័យក្មេង ប្រកបដោយជវភាពរបស់កម្ពុជា និង ភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា, យើងនឹងបន្ត ទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះ ជាបន្តបន្ទាប់ទៀត។

​កម្ពុជានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ដែលបម្រើទៅដល់ការវិនិយោគ និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយជំនាញ ស្របតាមតម្រូវការទីផ្សារពលកម្មជាបន្តឥតដាច់។ នេះជាការគូសបញ្ជាក់របស់សម្ដេចធិបតី។

ទន្ទឹមនឹងនេះ សម្តេចធិបតី​ បានរំលេចដែរថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានីតិកាលទី៥ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាលនីតិកាលកន្លងមក បានសម្រេចជាសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច-សង្គម តាមរយៈការអនុវត្តប្រកបដោយជោគជ័យលើ ផែនការយុទ្ធសាស្ត្រនានារបស់ខ្លួន។ ជាពិសេសស្ថិរភាពនយោបាយ, វឌ្ឍនភាពសង្គម, ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងជីវភាពសុខមាលភាពរបស់ប្រជាជន កាន់តែត្រូវបានធ្វើឲ្យប្រសើរឡើង៕