សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរភរិយាថា ១៨ឆ្នាំហើយតាំងពីស្គាល់គាត់ គាត់នៅតែសាមញ្ញ មិនប្រែប្រួល ទោះបីជាបច្ចុប្បន្នគាត់ជាស្រ្តីទី១ ក៏ដោយ
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរភរិយាថា ១៨ឆ្នាំហើយតាំងពីស្គាល់គាត់ គាត់នៅតែសាមញ្ញ មិនប្រែប្រួល ទោះបីជាបច្ចុប្បន្នគាត់ជាស្រ្តីទី១ ក៏ដោយ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីបច្ចុប្បន្នភរិយាខ្ញ៉ំ បច្ចុប្បន្នជាស្រ្តីទី១ ពេលធ្វើដំណើរទៅណាមកណាគាត់មិនចង់បានអ្នកការពារច្រើនទេ ។ សូម្បីតែការស្លៀកពាក់របស់គាត់ក៏គាត់មិនឆើតឆាយដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់ទឹកចិត្តភរិយា (លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត )ដែលជានិច្ចកាលតែងតែចូលរួមការងារមនុស្សធម៌ជួយប្រជាពលរដ្ឋ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភរិយាខ្ញ៉ំ គាត់ធ្វើការងារមនុស្សធម៌ច្រើន តែគាត់មិនសូវបង្ហាញទេ ។ សម្តេចក៏បានកោតសរសើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានចូលរួមដឹកនាំការងារក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងែកូវីដ១៩កន្លងទៅ។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលតែងតែគាំទ្រ លើកទឹកចិត្តចំពោះគ្រួសារសម្តេច ជាពិសេសបានចូលរួមការពារកិត្តិយស យុត្តិធម៌ នៅពេលមានការវាយប្រហារព័ត៌មានក្លែងក្លាយចំពោះគ្រួសារសម្តេច៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី