សង្គម

នាយកប្រតិបត្តិក្រុមហ៊ុន CBS លោក David Ulmer ចូលរួមប្រគល់អំណោយ និងផ្តល់អាហារមួយពេលដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា និងមានពិការភាព ដែលបានរៀបចំឡើងដោយតារាសម្តែងពូកែលេងទឹកមុខ ហ៊ាទី នៅភូមិព្រែកផ្តៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល

image


ភ្នំពេញ៖តារាសម្តែងដែលកំពុងល្បីល្បាញខ្លាំងនៅក្នុងកម្មវិធី «តស់ រៀនភាសា!» របស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន បានរៀបចំកម្មវិធីសប្បុរសធម៌មួយនៅព្រឹកថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៤នេះ នៅភូមិព្រែកផ្តៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបានរៀបចំធ្វើពិធីផ្តល់អាហារមួយពេល និងមានអំណោយមួយ ចំនួនចែកជូនដល់អ្នកភូមិមានជីវភាពខ្វះ ចាស់ជរា និងមានពិការភាព ចំនួន៧០ គ្រួសារ។


គួរបញ្ជាក់ថា៖ កម្មវិធីនេះធ្វើឡើងបន្ទាប់ពីតារាសម្តែងសក់ការេ ហ៊ាទី បានប្រកាសកាលពីប្រហែលមួយសប្តាហ៍មុននេះថា លោកនឹងយកថវិកាដែលលោកទទួលបានពីការថតកម្មវិធី «តស់ រៀនភាសា!» របស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន ទៅរៀបចំកម្មវិធីសប្បុរសធម៌មួយនៅថ្ងៃទី៩ ឧសភា ឆ្នាំ២០២៤។ ដោយមើលឃើញថា នេះជាកាយវិការដ៏ប្រពៃរបស់តារាសម្តែងបែបកំប្លែង ហ៊ាទី ក្នុងការងារជួយសហគមន៍ និងសង្គមជាតិ លោក David Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS នៃស្ថានីយទូរទស្សន៍ ស៊ីធីអិន ម៉ាយធីវី និង ស៊ីអិនស៊ី ក៏បានជួយឧបត្ថម្ភថវិកាបន្ថែមចំនួន ៤លានរៀលជូនដល់តារាកំប្លែងរូបនេះ ដើម្បីរៀបចំកម្មវិធីនោះឱ្យបានកាន់តែធំទូលាយបន្ថែមទៀត។


ដោយចាត់ទុកថា ការងារជួយសហគមន៍ជាចំណែកមួយរបស់ CBS លោក David Ulmer និងភរិយារបស់លោក រួមជាមួយក្រុមការងារបានចូលរួមកម្មវិធីសប្បុរសធម៌ដោយផ្ទាល់តែម្តងនៅភូមិព្រែកផ្តៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ ជាមួយនឹងក្រសែភ្នែកដ៏រំភើប លោក David បានមានប្រសាសន៍ថា លោកពិតជាបានឃើញផ្ទាល់ពីអ្វីដែលជាតម្រូវការ និងទុក្ខលំបាករបស់បងប្អូនក្នុងសហគន៍ ហើយលោកពិតជារំភើប និងកោតសរសើរចំពោះតារាសម្តែងនៅក្នុងកម្មវិធី «តស់ រៀនភាសា!» គឺ ហ៊ាទី ដែលបានបំផុសរៀបចំឲ្យមានកម្មវិធីបែបនេះឡើង។
ជាមួយគ្នានោះ តារាសម្តែងដែលចូលចិត្តលេងទឹកមុខ ហ៊ាទី ក៏បានបញ្ជាក់នៅពេលរៀបចំកម្មវិធីនោះផងដែរថា លោកតែងតែរៀបចំកម្មវិធីបែបនេះស្ទើររៀងរាល់ឆ្នាំ ប៉ុន្តែក្នុងទ្រង់ទ្រាយតូចតាច ទើបតែឆ្នាំនេះដែលលោកមានឱកាសរៀបចំបានធំទូលាយ ដោយសារមានសប្បុរសជនចូលរួមច្រើនជាងមុន ពិសេសដោយសារមានការជួយថវិកាជ្រោមជ្រែងពីក្រុមហ៊ុន CBS តែម្តង។


ដោយឡែកបើក្រឡេកទៅមើលលោកតាលោកយាយអ៊ំពូមីង ពិសេសក្មេងៗដែលមកអង្គុយទទួលទានបបរគ្រឿងដ៏មាន ឱជារស និងចាំទទួលអំណោយវិញ សុទ្ធ តែបានបង្ហាញស្នាមញញឹម និងក្តីរំភើប ជាមួយនឹងការជូនពរគ្រប់ការដល់ម្ចាស់ទានដែលមានសទ្ធាក្នុងការរួម ចំណែកជួយដល់ជីវភាពរបស់ពួកគាត់៕


ដោយ៖វង សុភ័ក្ត្រ