ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឱ្យបញ្ចប់រាល់សកម្មភាពឃុបឃិតគ្នារវាងយោធាសហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់

image


ចិន៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់ បញ្ឈប់រាល់សកម្មភាពឃុបឃិតគ្នាផ្នែកយោធា" បន្តទៀតទៅ ដោយចិន លើកឡើងថា ការធ្វើសមយុទ្ធរួមគ្នារបស់ពួកគេ បានបញ្ជាក់យ៉ាងច្បាស់អំពីការរំលោភបំពានលើគោលការណ៍ចិនតែមួយ ។


អំឡុងសន្និសីទខ្លីៗជាប្រចាំ ស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន (Wang Wenbin) បាននិយាយថា "លោកចង់ចង្អុលបង្ហាញថា ជំហររបស់ចិននៅក្នុងការប្រឆាំងនឹងទំនាក់ទំនងយោធារវាងសហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់ គឺមានភាពច្បាស់លាស់ និងមានហេតុផលត្រឹមត្រូវ" ។


ជុំវិញភាពរសើបនៅក្នុងបញ្ហានេះ ប្រភពសុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា កាលពីខែមុន សមយុទ្ធមួយបានធ្វើឡើងនៅឯតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយមិនមានការផ្សព្វផ្សាយជាសាធារណៈសោះឡើយ ។


ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ បាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកយោធារបស់ពួកគេ ហើយស្ទើរតែរៀងរាល់ថ្ងៃ កងកម្លាំងរបស់ចិនបានធ្វើដំណើរចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ រួមទាំងធ្វើសមយុទ្ធនៅជុំវិញកោះនេះទៀតផង ។


លោក វ៉ាង វិនប៊ីន បានបន្ថែមទៀតថា “ការប្រើប្រាស់កម្លាំងដើម្បីស្វែងរកឯករាជ្យ និងទប់ទល់ចំពោះគោលបំណងបង្រួបបង្រួមគ្នាឡើងវិញ នឹងត្រូវបញ្ចប់ដោយគ្មានច្រកចេញ ហើយក៏នឹងត្រូវវិនាសដោយភាពបរាជ័យ” ។


គួររំឮកថា ការចូលរួមផ្នែកយោធា រួមទាំងដំណើរទស្សនកិច្ច និងការហ្វឹកហ្វឺនរវាងសហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់ មិនមានការបង្ហាញច្រើននោះទេ ហើយជារឿយៗ ក៏មិនសូវជាមានការបញ្ជាក់ជាផ្លូវការផងដែរ ដោយសារតែការជំទាស់ពីប្រទេសចិន ចំពោះទំនាក់ទំនងយោធារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ CGTN/ Reuters/ University of Notre Dame