ព័ត៌មានជាតិ

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក និងក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅខេត្តក្រចេះ ដោយគណបក្សប្រជាជនកម្ពុជាទទួលបាន ១២១អាសនៈ

image

ក្រចេះ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នៅខេត្តក្រចេះ នៅថ្ងៃទី ២៦ខែ ឧសភា ឆ្នាំ ២០២៤នេះ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបាន ១២១អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ២១អាសនៈ។ នេះបើគិតទាំងការបោះឆ្នោតក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាខេត្ត ហើយក្រុមប្រឹក្សាក្រុងស្រុក គណបក្សប្រជាជនកម្ពុជា ទទួលបាន ១០៣ គណបក្សឆន្ទៈខ្មែរ ទទួលបាន ១៨ ដោយឡែក ក្រុមប្រឹក្សាខេត្ត គណបក្សប្រជាជនកម្ពុជា ទទួលបាន ១៨អាសនៈ គណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ។

លោកស្រី អ៊ាង សារិ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តក្រចេះ បានឱ្យដឹងថា ក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុង ស្រុកដែលត្រូវបោះឆ្នោតជ្រើសរើសមាន÷ ក្រុមប្រឹក្សាខេត្តមានចំនួន២១រូប, ក្រុមប្រឹក្សាក្រុងក្រចេះមានចំនួន១៥រូប, ក្រុមប្រឹក្សាស្រុកឆ្លូង មានចំនួន១៧រូប, ក្រុមប្រឹក្សាស្រុកចិត្របុរី ចំនួន១៩រូប, ក្រុមប្រឹក្សាស្រុកព្រែកប្រសព្វ ចំនួន ១៩រូប, ក្រុមប្រឹក្សាស្រុកសំបូរ ចំនួន ១៧រូប, ក្រុមប្រឹក្សាស្រុកស្នួល ចំនួន ១៩រូប និងក្រុមប្រឹក្សាស្រុកអុរគ្រៀងសែនជ័យ មានចំនួន ១៥រូប។

សូមបញ្ជាក់ផងដែរថា ក្នុងខេត្តក្រចេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ៧ការិយាល័យ ដែលមានទីតាំងនៅតាមបណ្តាក្រុងស្រុកទាំង៧ និងមានអ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងសរុបចំនួន ៣០០នាក់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុង/ស្រុក អាណត្តិទី៤ នៅតាមបណ្តាស្រុក ក្រុងទាំង ៧ក្នុងខេត្តក្រចេះ បានបញ្ចប់ទៅដោយរលូន ក្រោមបរិយាកាសស្ងប់ស្ងាត់ និងមានសន្តិសុខសុវត្ថិភាពល្អប្រសើរ៕

អត្ថបទ៖ សារី ណែត