ព័ត៌មានអន្តរជាតិ

សមត្ថកិច្ចក្នុងទីក្រុងប៉ារីស ប៉ះទង្គិចគ្នាជាមួយអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន ដែលប្រឆាំងនឹងសកម្មភាពយោធារបស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា

image


បារាំង៖ នាដើមសប្តាហ៍ដូចគ្នានេះ នៅឯប្រទេសបារាំងឯណោះ ក្រុមអ្នកតវ៉ាជាច្រើនពាន់នាក់ បានមកជួបជុំគ្នា នៅក្នុងទីក្រុងប៉ារីស ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងសកម្មភាពវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ។

ការជួបជុំគ្នានេះ ធ្វើឡើងនៅមិនឆ្ងាយប៉ុន្មានឡើយពីស្ថានទូតអ៊ីស្រាអែល ក្រោយមក ក៏បានបន្តដំណើរឆ្ពោះទៅកាន់ទីលានអូប៉េរ៉ា (Opera) និងបន្តទៅកាន់សង្កាត់ម៉ុនម៉ាត់ (Montmarte) ។

អំឡុងការតវ៉ា ចេះតែបន្ត សមត្ថកិច្ចបារាំង បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបញ្ឈប់សកម្មភាពរបស់ក្រុមអ្នកតវ៉ា ។

កាលពីព្រឹកថ្ងៃចន្ទ ប្រធានាធិបតីបារាំង អ៊ែមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) មានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍ថាខឹងសម្បារជាខ្លាំង ចំពោះហេតុការណ៍វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានបង្កឱ្យមានអគ្គិភ័យឆាបឆេះជំរុំតង់ស្នាក់នៅមួយកន្លែង ក្នុងទីក្រុងរ៉ាហ្វានៃតំបន់ហ្គាហ្សា ដោយបណ្តាលឱ្យមនុស្ស ៤៥ នាក់បាត់បង់ជីវិត ។

រហូតមកទល់នឹងពេលនេះ ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា រាយការណ៍ថា ពលរដ្ឋប៉ាឡេស្ទីនជាង ៣៦,០០០ នាក់បានស្លាប់ និងជិត ៨ម៉ឺននាក់ទទួលរងរបួស ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការយោធា ដើម្បីសងសឹកក្រុមហាម៉ាស បន្ទាប់ពីក្រុមនេះ ចូលលុកលុយភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect