ក្រសួង បង្ហាញពាក្យគន្លឹះសំខាន់ៗទាំង២៦ សម្រាប់ប្រើក្នុងពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
អត្ថបទ៖ CNC
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបើកសិក្ខាសាលាស្តីពីការស្វែងយល់ពីការប្រើសង្ឃសព្ទ រាជសព្ទ និងរាជសង្ឃសព្ទនៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា។
ការណ៍នេះធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមានបទបង្ហាញដោយសម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភាសង្ឃ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា បានយាងចូលទិវង្គតនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៤០នាទីល្ងាច ក្នុងព្រះរាជដំណាក់ វត្តឧណ្ណាលោម ព្រះជន្ម ៩៣ព្រះវស្សា។ ភ្លាមៗនោះ បន្ទាប់ពីទទួលដំណឹងដ៏សោកសង្រែងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ និងពុទ្ធបរិស័ទគ្រប់ៗ កិច្ចគោរពថ្វាយបង្គំចំពោះព្រះបរមសព និងរៀបចំបង្កើតគណៈកម្មការបុណ្យថ្វាយព្រះរាជមហាកុសលចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមសព ដើម្បីឲ្យស័ក្តិសមទៅនឹងព្រះគុណបំណាច់ ព្រះកិត្តិយស និងមហាករុណាទិគុណដ៏ធំធេងរបស់សម្តេចជាអម្ចាស់ ដែលមានចំពោះជាតិ ព្រះពុទ្ធសាសនា ព្រះមហាក្សត្រ និងសិស្សគណទាំងឡាយ។
ព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានតម្កល់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យ ទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ដោយសេចក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត។ តាមការគ្រោងទុក ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។
ជាមួយគ្នានេះ មន្ត្រីក្រសួងធម្មការ បានបង្ហាញពាក្យគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ប្រើក្នុងពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជណាចក្រកម្ពុជារួមមាន ស្រពព្រះភក្ត្រ(ជម្រះមុខ), ព្រះទីនាំងនាគរាជតម្កល់មញ្ជូសា, ហែព្រះបរមសព,
ព្រះរាជពិធីដង្ហែព្រះបរមសព, ឆ្ពោះទៅព្រះមេរុ (ទីបញ្ចុះសព), តម្កល់ព្រះបរមឆាយាលក្ខណ៍ (តម្កល់រូបថត),
ព្រះទីនាំងរាជហង្សបុស្បុកតម្កល់ព្រះពុទ្ធរូប និងព្រះត្រៃបិដក, រំកិលព្រះមញ្ជូសា(រំកិលមឈូស), ស្វាគមន៍ថ្វាយព្រះពរ, ប្រថាប់ព្រះទីនាំងកៅអី នៅលើព្រះពន្លាកិត្តិយស(អង្គុយកៅអីលើវេទិកា), ប្រទក្សិណព្រះបរមសព(ដើរព័ទ្ធជុំវិញបុគ្គលនៅជាខាងស្តាំដៃ), បីជុំព្រះមេរុ( បីជុំទីបញ្ចុះសព), ឧត្តរាព័ត៌
(ដំណើរវិលទៅទិសខាងឆ្វេង),ព្រះវិយោគកថា(សេចក្តីថ្លែងរៀបរាប់អំពីសោក និងការស្តាយ) , ព្រះជីវប្រវត្តិ
, ព្រះសង្ឃមាតិកា (ព្រះសង្ឃគង់អមមឈូស) , កិច្ចបច្ឆាមរណៈ ( ការគោរពចុងក្រោយ ឬធ្វើកិច្ចចុងក្រោយ)
, សុំព្រះភ្លើង និង ថ្វាយព្រះភ្លើងពីព្រះពន្លាជ័យ (កិច្ចថ្វាយព្រះភ្លើងពីវេទិកា)៕