យន្តហោះចិន បញ្ចប់ការហោះហើរសាកល្បងជាលើកដំបូងដោយជោគជ័យ ជាមួយនឹងដំណើរការហោះហើរដោយប្រើប្រាស់ជីវឥន្ធនៈ
ចិន៖ យន្តហោះរបស់ចិនចំនួនពីរគ្រឿង បានបញ្ចប់ការហោះហើរសាកល្បងជាលើកដំបូងដោយជោគជ័យ ជាមួយនឹងដំណើរការហោះហើរដោយប្រើប្រាស់ឥន្ធនៈសរីរាង្គ (កកើតឡើងវិញ) ផលិតក្នុងស្រុក ហើយនេះគឺជាពេលវេលាដ៏សំខាន់មួយទៀត ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអាកាសចរណ៍បៃតងរបស់ប្រទេសចិន ។
យន្តហោះ ARJ២១ និងយន្តហោះ C៩១៩ បានចូលរួមនៅក្នុងការធ្វើតេស្តសាកល្បង កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយយន្តហោះ ARJ២១ បានហោះចាកចេញពីភាគខាងកើតទីក្រុងសៀងហៃ ខណៈយន្តហោះ C៩១៩ បានហោះចាកចេញពីទីក្រុងទុងយីង (Dongying) ខេត្តសានទុង (Shandong) ។ បន្ទាប់ពីហោះហើរបានជាងមួយម៉ោង យន្តហោះទាំងពីរបានចុះចតដោយរលូន និងសម្រេចបាននូវបេសកកម្មហោះហើរជាលើកដំបូងដោយប្រើប្រាស់ជីវឥន្ធនៈផលិតក្នុងស្រុក ។
លោក កៅ ទុងស៊ូ (Cao Dongxue) ប្រធានស្ថាបត្យករមកពីក្រុមហ៊ុនប្រេងឥន្ធនៈនិងឧស្ម័ន ស៊ីណូប៉ិក (Sinopec) និងជាក្រុមហ៊ុនថាមពលនិងគីមីឈានមុខគេរបស់ប្រទេសចិន បានលើកឡើងអំពីសារៈសំខាន់នៃការធ្វើតេស្តនេះយ៉ាងដូចច្នេះថា "ជីវឥន្ធនៈដែលប្រើប្រាស់ក្នុងការហោះហើរសាកល្បង គឺបានមកពីប្រេងចម្អិនអាហារដែលគេបោះចោលក្រោយប្រើប្រាស់រួច ដោយលាយជាមួយនឹងឥន្ធនៈអាកាសចរណ៍ធម្មតាក្នុងទំហំសមាមាត្រប្រមាណជា ៤០% ។ ការហោះហើរដ៏ជោគជ័យនេះ មិនត្រឹមតែបញ្ជាក់អំពីសមត្ថភាព និងសុវត្ថិភាពរបស់ជីវឥន្ធនៈ ឬឥន្ធនៈសរីរាង្គដែលផលិតក្នុងស្រុក ជាមួយនឹងយន្តហោះពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះនៃជីវឥន្ធនៈសម្រាប់ការប្រើប្រាស់នៅក្នុងទំហំនៃកម្រិតពាណិជ្ជកម្មផ្សេងៗទៀតនាពេលអនាគតថែមទៀតផង ។
ជីវឥន្ធនៈ ឬឥន្ធនៈសរីរាង្គ គឺជាឥន្ធនៈអាកាសចរណ៍ផ្អែកលើធនធានដែលអាចកកើតឡើងវិញបាន រួមមានទាំងប្រភេទប្រេងរុក្ខជាតិ ដូចជា ប្រេងដូង និងប្រភេទប្រេងរុក្ខជាតិដទៃទៀត និងខ្លាញ់សត្វ ឬក៏ប្រេងចម្អិនអាហារ ។ បើធៀបនឹងឥន្ធនៈអាកាសចរណ៍ធម្មតា ជីវឥន្ធនៈ អាចជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនបានរហូតដល់ ៨៥% ឯណោះ ។
ប្រធានរោងចក្រចម្រាញ់វត្ថុធាតុដើមនិងគីមីជិនហៃ (Zhenhai) លោក ចិន យ៉ានប៊ីន (Chen Yanbin) បានអះអាងថា "រោងចក្រ បានផលិតជីវឥន្ធនៈអាកាសចរណ៍ ក្នុងចំនួន ១០ម៉ឺនតោនក្នុងមួយឆ្នាំដំបូង សម្រាប់ចូលរួមគាំទ្រដល់ការហោះហើរសាកល្បងនេះ ហើយវាពិតជាមានសារៈសំខាន់ក្នុងការបង្ហាញអំពីការផ្សព្វផ្សាយ និងការអនុវត្តឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព" ។
យោងតាមទិន្នន័យបានឱ្យដឹងដែរថា ក្នុងឆ្នាំ ២០២៣ ប្រទេសចិន បានប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រចាំឆ្នាំក្នុងចំនួនប្រហែល ៣០ លានតោន ។
ប្រសិនបើប្រទេសចិន ប្តូរមកប្រើប្រាស់ជីវឥន្ធនៈទាំងស្រុង នោះលទ្ធផលជាវិជ្ជមាន នឹងមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ដោយអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ក្នុងទំហំប្រមាណជា ៥៥ លានតោនក្នុងមួយឆ្នាំ ស្មើនឹងការដាំដើមឈើជិត ៥០០ លានដើម ឬស្មើនឹងការប្រើប្រាស់រថយន្តជាង ៣០ លានគ្រឿងក្នុងរយៈពេលមួយឆ្នាំ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Energy.gov/ Yicai Global/ Blogger