រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម កំពុងប្រឈមនឹងការខ្វះខាតវត្ថុធាតុដើម ខណៈការផ្គត់ផ្គង់ពីអាហ្វ្រិកខាងលិច បានត្រឹមតែ ៥០%នៃកិច្ចសន្យា
ហាណូយ៖ សមាគមស្វាយចន្ទីវៀតណាម (Vinacas) បាននិយាយថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម កំពុងអស់វត្ថុធាតុដើមចាប់តាំងពីអ្នកផ្គត់ផ្គង់នៅអាហ្វ្រិកខាងលិចបានចែកចាយត្រឹមតែ ៥០% នៃបរិមាណដែលបានចុះកិច្ចសន្យានៅឆ្នាំនេះ។
សមាគមនេះ បានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍មុននេះថា តម្លៃគ្រាប់ស្វាយចន្ទីឆៅបានកើនឡើងនៅអាហ្រ្វិកខាងលិច ដោយសារតែការប្រមូលផលមិនល្អដែលជំរុញឱ្យប្រទេសមួយចំនួននៅក្នុងតំបន់នេះ បញ្ឈប់ការនាំចេញជាបណ្តោះអាសន្ន ដើម្បីគាំទ្រដល់ឧស្សាហកម្មកែច្នៃក្នុងស្រុករបស់ពួកគេ។
តម្លៃគ្រាប់ស្វាយចន្ទីនាំចូល បានកើនឡើងពី ១០០០-១០៥០ដុល្លារ នៅក្នុងខែកុម្ភៈ ដល់ ១៥០០-១៥៥០ដុល្លារ ក្នុងមួយតោន គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុននេះ។
យោងតាមលោក Ta Quang Huyen ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុននាំចូលគ្រាប់ស្វាយចន្ទី Hoang Son I បានឱ្យដឹងថា អ្នកផ្គត់ផ្គង់នៅអាហ្វ្រិកខាងលិចជាច្រើនទាមទារតម្លៃខ្ពស់ និងពន្យាពេលផ្គត់ផ្គង់ទំនិញរបស់ពួកគេ។
លោកបានបន្តថា ពួកគេបានចុះកិច្ចសន្យាផ្តល់គ្រាប់ស្វាយចន្ទីឆៅចំនួន ៥២.០០០តោន ប៉ុន្តែក្រុមហ៊ុនរបស់លោកទទួលបានតែ ២៥.០០០តោនប៉ុណ្ណោះ តាមតម្លៃដែលបានព្រមព្រៀង។
លោកបានបន្ថែមថា ប្រហែល ១២.០០០តោន ទំនងជាមិនត្រូវបានបញ្ជូនមកទេ ហើយ ១៥.០០០តោន ដែលនៅសល់ត្រូវទិញក្នុងតម្លៃខ្ពស់។
សមាគមស្វាយចន្ទីវៀតណាម បានអះអាងថា អ្នកផ្គត់ផ្គង់កំពុងដំឡើងថ្លៃ ហើយអ្នកកែច្នៃខ្លះមិនមានជម្រើសក្រៅពីទិញវានោះទេ ដើម្បីធានាវត្ថុធាតុដើមសម្រាប់កិច្ចសន្យារបស់ពួកគេ។ ជាមួយការឡើងថ្លៃនេះ បានធ្វើឲ្យក្រុមហ៊ុនវៀតណាម កំពុងជួបការលំបាក ក្នុងការលក់តម្លៃគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារវិញ។
សមាគមដដែលនេះ បានឲ្យដឹងទៀតថា ការនាំចូលគ្រាប់ស្វាយចន្ទីឆៅជាច្រើនបានមកដល់យឺត ឬក្នុងបរិមាណតិចជាងការចុះកិច្ចសន្យា ដែលបណ្តាលឱ្យមានការខ្វះខាតសម្រាប់ដំណើរការកែច្នៃ។
សមាគមស្វាយចន្ទីវៀតណាម បានលើកឡើងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ គួរតែស្វែងរកមធ្យោបាយជំរុញផលិតកម្មស្វាយចន្ទីក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ឧស្សាហកម្មលើការនាំចូល។
ក្រុមហ៊ុនកែច្នៃរបស់វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីឆៅជាង ៣លានតោន ក្នុងមួយឆ្នាំ ដោយមានប្រហែល ២,២លានតោន មកពីអាហ្វ្រិក ជាពិសេសអាហ្វ្រិកខាងលិច ខណៈការផ្គត់ផ្គង់ក្នុងស្រុកបំពេញបានតែ ១០% នៃតម្រូវការប៉ុណ្ណោះ៕