ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ ដកហូតដីព្រៃឈើជាង ៣ពាន់ហិកតា ក្រោយមានការកាប់រាន និងកាន់កាប់ដោយខុសច្បាប់

image


កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងថា ដីព្រៃចំនួន ៣៤៣៤ហិកតា ស្ថិតនៅ ៣ទីតាំងផ្សេងគ្នា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានទទួលរងនូវការកាប់រុករានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ពីប្រជាពលរដ្ឋ និងក្រុមឱកាសនិយមមួយចំនួន។ ដោយពិនិត្យឃើញពីការកាប់រាន និងកាន់កាប់ដោយខុសច្បាប់នេះ រដ្ឋបាលខេត្តក៏បានសម្រេចដកហូតយកមកធ្វើជាសម្បត្តិរដ្ឋវិញ។

លោក វ៉ី សំណាង បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺបានទុកឱកាសដល់អ្នកកាប់រាន និងកាន់កាប់រយៈពេល ៣០ថ្ងៃ ដើម្បីតវ៉ា ហើយរាល់បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងដីកានេះត្រូវចាត់ទុកជានិរាករណ៍។ ទន្ទឹមនេះ លោកអភិបាលខេត្តកំពង់ស្ពឺក៏បានក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញបរិស្ថានឱ្យបង្កើនការយកចិត្តទុកដាក់ និងតាមដានរាល់សកម្មភាពកាប់រានរបស់ជនខិលខូចដែលមានមហិច្ឆតាចង់បានដីព្រៃរបស់ធ្វើជាកម្មសិទ្ធិ និងត្រូវចាប់ឱ្យបានជនដែលព្យាយាមកាប់រានដីព្រៃយកមកតុលាការ ដើម្បីអនុវត្តទោសតាមច្បាប់។

សូមបញ្ជាក់ថា បច្ចុប្បន្នដីព្រៃដែលជាជម្រកសត្វព្រៃ ស្ថិតក្នុងស្រុកឱរ៉ាល់ បាននិងកំពុងតែវិនាស ដោយសារតែមានអ្នកមានលុយ មានអំណាចមួយចំនួន បានយកគ្រឿងចក្រទៅឈូសឆាយយកធ្វើជាកម្មសិទ្ធិ ហើយការណ៍នេះត្រូវបានគេបានគេដាក់ការសង្ស័យថា អាចជាទំនងមានភ្លើងខៀវពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមជនទាំងនោះ ទើបគេអាចឈូសឆាយ និងកាប់រានបានរាប់រយរាប់ពាន់ហិកតាក្នុងមួយកន្លែងៗ រហូតមានកន្លែងខ្លះបានក្លាយជាចម្ការចេកយ៉ាងធំកណ្តាលព្រៃក៏មាន៕

អត្ថបទ៖ ប៊ុត សារុន