ព័ត៌មានអន្តរជាតិ

យោធាម៉ាឡាវី បន្តប្រតិបត្តិការរុករកយន្តហោះដឹកអនុប្រធានាធីបតី ក្រោយបាត់សញ្ញាចេញពីក្នុងប្រព័ន្ធរ៉ាដា

image


ម៉ាឡាវី៖ នៅដើមសប្តាហ៍នេះ ប្រធានាធិបតីនៃប្រទេសម៉ាឡាវី លោក ឡាសារ៉េស ឆាវេរ៉ា (Lazarus Chakwera) បានចេញបទបញ្ជាឱ្យក្រុមយោធាបន្តប្រតិបត្តិការស្វែងរកយន្តហោះមួយគ្រឿង ដែលដឹកលោកអនុប្រធានាធិបតីម៉ាឡាវី សូឡូសក្លូស ឈីលីម៉ា ស្រាប់តែបាត់សញ្ញាចេញពីក្នុងប្រព័ន្ធរ៉ាដារបស់ទីភ្នាក់ងារអាកាសចរណ៍ អំឡុងកំពុងធើ្វដំណើរឆ្ពោះទៅកាន់ទីក្រុងអ៊ីមស៊ូស៊ូ ភាគខាងជើងប្រទេស ។

ពាក់ព័ន្ធនឹងរឿងនេះ លោកប្រធានាធីបតីសាវេរ៉ា បានបញ្ជាក់ឱ្យដឹងថា "លោកបានដាក់បញ្ជាឱ្យយោធាជាតិរបស់ប្រទេសម៉ាឡវី បន្តប្រតិបត្តិការរុករកទាំងនៅលើគោកនិងលើអាកាស រហូតទាល់តែរកឃើញវត្តមានយន្តហោះខាងលើ" ។

យោងតាមការបញ្ជាក់បន្ថែមពីអាជ្ញាធរម៉ាឡវី បានឱ្យដឹងថា យន្តហោះដែលបាត់សញ្ញាចេញពីរ៉ាដា គឺជាប្រភេទយន្តហោះយោធា ដែលកំពុងធើ្វដំណើរចាកចេញពីរដ្ឋធានីលីឡុងវ៉េ (Lilongwe) នៅម៉ោងប្រមាណជា ៩ព្រឹក ដោយរំពឹងថា នឹងចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងអ៊ីមស៊ូស៊ូ នៅម៉ោង ១០ព្រឹក ដើម្បីចូលរួមនៅក្នុងពិធីបុណ្យសពរបស់មន្រ្តីជាន់ខ្ពស់មួយរូប។

គួរជម្រាបថា អនុប្រធានាធិបតីម៉ាឡាវី លោក ឈីលីម៉ា ត្រូវបានមើលឃើញថា ជាឥស្សរជនយោបាយដ៏សំខាន់មួយរូប សម្រាប់ការបោះឆ្នោតប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ ២០២៥ខាងមុខ ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect