ប្រទេសកុងហ្គោ ចាប់ផ្តើមតែងតាំងរដ្ឋាភិបាលថ្មី ក្រោយពន្យាពេលជាច្រើនខែបន្ទាប់ពីបោះឆ្នោត

កុងហ្គោ៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានតែងតាំងលោកស្រី ជូឌីដ ស៊ូមីនវ៉ា ធូលូកា (Judith Suminwa Tuluka) ជានាយករដ្ឋមន្រ្តីថ្មី អមជាមួយនឹងសមាជិកគណៈរដ្ឋមន្រ្តីចំនួន៥៤រូបផ្សេងទៀត ដើម្បីដឹកនាំរដ្ឋាភិបាល បន្ទាប់ពីពន្យាពេលប្រមាណ៦ខែ ក្រោយពីការបោះឆ្នោតដែលបានផ្តល់ជ័យជម្នះទៅឱ្យសម្ព័ន្ធភាពនយោបាយរបស់គណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី ហ្វេលីក ស៊ីសេកេឌី (Felix Tshisekedi)។
កាលពីចុងឆ្នាំ ២០២៣ សម្ព័ន្ធភាពគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី ស៊ីសេកេឌី បានឈ្នះឆ្នោតសម្រាប់អាណត្តិដឹកនាំទីពីរ ដោយបានដណ្តើមចំនួនអាសនៈប្រមាណជា ៩៥% នៅក្នុងស្ថាប័នរដ្ឋសភាជាតិ។ ប៉ុន្តែបញ្ហាវិវាទផ្ទៃក្នុង ពាក់ព័ន្ធនឹងការបែងចែកតួនាទីនៅក្នុងជួរគណៈរដ្ឋមន្រ្តី បានញ៉ាំងឱ្យដំណើរការបង្កើតរដ្ឋាភិបាលត្រូវជាប់គាំងអស់រយៈពេលជាច្រើនខែ។
នៅទីបំផុត កាលពីដើមខែមេសា ប្រធានាធិបតីកុងហ្គោរូបនេះ បានសម្រេចតែងតាំងលោកស្រី ស៊ូមីនវ៉ា ជានាយករដ្ឋមន្ត្រីស្រីដំបូងគេ របស់ប្រទេសកុងហ្គោ ហើយនៅចុងខែឧសភា អតីតអគ្គសេនាធិកាកងទ័ព លោក វ៉ាយតល់ ខាមឺហ៊ី (Vital Kamerhe) ទទួលបានការតែងតាំងជាប្រធានរដ្ឋសភា ដោយត្រួសត្រាយផ្លូវសម្រាប់ការបង្កើតគណៈរដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំរដ្ឋាភិបាល។
រដ្ឋាភិបាលថ្មីរបស់ប្រទេសកុងហ្គោនាពេលនេះ រួមមានសមាជិកគណៈរដ្ឋមន្រ្តីតិចជាងអាណត្តឹដឹកនាំកាលពីពេលកន្លងទៅ ដោយធ្លាក់ចុះពីចំនួន ៥៧នាក់ មកនៅត្រឹម ៥៤នាក់ និងកើតឡើងបន្ទាប់ពីប្រឈមសម្ពាធឱ្យមានការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect

