សន្តិសុខសង្គម

ឪពុកចុង វាយទារកអាយុ ៤ខែស្លាប់​ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា

image


ភ្នំពេញ៖ ទារកអាយុទើប៤ខែម្នាក់ ត្រូវឪពុកចុងវាយធ្វើបាប រហូតដល់ដាច់ខ្យល់ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ គន្ធបុប្ជា​ ដោយសារតែខឹងកូនដើមយំពេក។​ ករណីនេះបានកេីតឡេីងកាលពីវេលាម៉ោងប្រមាណ ១០ព្រឹក​ ថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២៤ ខណៈពេលដែលឪពុកម្តាយនាំសពកូនយកទៅធ្វើបុណ្យនៅឈាបនដ្ឋានវត្តនាគវ័ន ក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


សពក្មេងប្រុសរូបនោះឈ្មោះ​ ថៃ វរៈបុត្រ អាយុទើបតែ៤ខែ។​ ចំណែកឪពុកចុងដែលវាយកូនដើមបណ្តាលឱ្យស្លាប់ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានរត់គេចខ្លួនបាត់។​ ២នាក់ប្តីប្រពន្ធនេះ​ ពុំមានទីលំនៅពិតប្រាកដឡើយ។


យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ​ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៨ជាងយប់​ ថ្ងៃទី១៤​ ខែមិថុនា គេឃើញ២នាក់​ ប្តី​ និងកូនប្រុស​ ដើរតាមផ្លូវរថភ្លើង ខាងត្បូងវត្តនាគវ័ន ខណៈនោះ ឪពុកចុង ក៏បានសុំទឹក១ផ្តិលពីអ្នកភូមិ ផឹកហើយបានយកទឹកចាក់ចូលច្រមុះកូន និងវាយកូន ២ដៃ។​ ភ្លាមៗ បណ្តាលកូនឈ្លក់បាត់មាត់​ ត្រូវអ្នកភូមិនាំគ្នាជួយ សង្គ្រោះក៏ដឹងខ្លួនវិញ។ លុះក្រោយមក​ ២នាក់ប្តីប្រពន្ធក៏បានបីកូនទៅដេកផ្ទះសំណាក់ នៅម្តុំផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគ​ ហើយនៅវេលាម៉ោងប្រមាណ២រំលងអាធ្រាត្រ ក៏បានវាយធ្វើបាបកូន ដោយខឹងកូនយំពេក។


រហូតដល់ម៉ោងប្រមាណ៦ភ្លឺ​ ឪពុកម្តាយ​ បានជិះម៉ូតូកង់៣​ នាំកូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា ហើយកូនប្រុសក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវ ក៏បានដឹកតាមកង់៣ទៅកាន់វត្តនាគវ័ន​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។​ ភ្លាមៗឪពុក ក៏បានរត់គេចខ្លួនបាត់។
នៅព្រឹកនោះដែរ នគរបាលបានឃាត់ខ្លួនស្រ្តីជាម្តាយ ដើម្បី សួរនាំ និងស្រាវជ្រាវរកឃាតករដែលជាឪពុកចុង​ ដើម្បីចាប់ខ្លួនយកមកកាត់ទោសតាមច្បាប់ ។


យោងតាមការឱ្យដឹងពីសមត្ថកិច្ចថា សពទារកត្រូវបានឪពុកចុងវាយបណ្តាលឱ្យមានស្មាមចំលើផ្ទៃមុខធ្ងន់ធ្ងរ៕


ដោយ៖​ ឌីយ៉ាម៉ង់