ប្រមុខដឹកនាំកោះតៃវ៉ាន់ និយាយថា មានតែកម្លាំងយោធាមួយមុខប៉ុណ្ណោះ ដែលអាចរក្សាសន្តិភាពជាមួយចិន
តៃវ៉ាន់៖ ប្រមុខដឹកនាំកោះតៃវ៉ាន់ ឡៃ ឈីងតេ (Lai Ching-te) នៅថ្ងៃពុធសប្តាហ៍នេះ បានលើកឡើងថា មានតែកម្លាំងយោធានោះទេ ដែលអាចរក្សាសន្តិភាពជាមួយចិនបាន ហើយប្រជាជនតៃវ៉ាន់ នឹងមិនចុះចាញ់ឡើយ ចំពោះការបង្ខិតបង្ខំរបស់ចិន ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីឡើងកាន់តំណែងបានមួយខែ លោក ឡៃ បានលើកឡើងថា ប្រជាជននៅលើកោះតៃវ៉ាន់ "ស្រឡាញ់សន្តិភាព" ប៉ុន្តែដែនកោះនេះ ក៏ត្រូវ "ពឹងផ្អែកខ្លាំងលើកម្លាំងយោធា" ផងដែរ ដើម្បីធានាដល់សុខសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។
ក្នុងពេលដំណាលគ្នា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បាននិយាយថា ការអត្ថាធិប្បាយរបស់លោក ឡៃ (Lai) ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានយល់ព្រមលក់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចក្នុងតម្លៃប្រមាណជា ៣៦០ លានដុល្លារអាម៉េរិក ទៅឱ្យកោះតៃវ៉ាន់ ។
រហូតមកទល់នឹងពេលបច្ចុប្បន្ន សហរដ្ឋអាម៉េរិក នៅតែធ្វើគ្រប់មធ្យោបាយដើម្បីការពារកោះតៃវ៉ាន់ ដែលចិនតែងតែចាត់ទុកថាជាផ្នែកមួយរបស់ចិន បើទោះបីជាអាម៉េរិក និងកោះតៃវ៉ាន់មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាក៏ដោយ រហូតធ្វើឱ្យរដ្ឋធានីប៉េកាំងតែងតែកើតមានកំហឹងជាបន្តបន្ទាប់ ។
គួររំឮកថា លោកឡៃ (Lai) ហាក់ចង់បង្ហាញការចរចាជាមួយចិនម្តងហើយម្តងទៀត ទោះជាបែបណាក្តី ភាគីចិនតែងតែបដិសេធ ហើយចិន បាននិងកំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងធ្វើសមយុទ្ធសង្រ្គាមព័ទ្ធជុំវិញកោះ កាលពីខែមុន បន្ទាប់ពីលោក ឡៃ ឈីងតេ (Lai Ching-te) ស្បថចូលកាន់តំណែងជាប្រមុខដឹកនាំកោះតៃវ៉ាន់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect