សង្គម

សម្តេចតេជោ ហ៊ុន សែន៖ មោទនភាពកូនខ្មែរ បង្កើត ​CoolApp ​និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ!

image


អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកសម្តេចតេជោ


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ អំពីអត្ថប្រយោជន៍របស់ CoolApp ដែលជាកម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។

​សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដាបរទេសដូច Telegram និងWhatsAppដែរ ហើយបច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។

តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ បានបញ្ជាក់ថា CoolApp មានលក្ខណៈស្តង់ដាដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT ។

កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលផលិតជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ដល់ឆ្នាំ២០២៤។ CoolApp មានមុខងារជាច្រើនរួមមាន Chat Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដាអន្តរជាតិ។ ចំណែកទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យការ Call ស្តាប់សំឡេងច្បាស់ ហើយសម្រាប់ការ Chat ជាផ្ញើរូបភាព ឬវីដេអូមានភាពរហ័សព្រោះ Internet មិនចេញទៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិព្រោះជាកម្មវិធីដំបូងរបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ៕