ព័ត៌មានជាតិ

តើមន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តតួនាទីភារកិច្ចអ្វីខ្លះ ដើម្បីឱ្យគេចផុតពីការប្តឹងតបពីជនល្មើស និងមេធាវីរបស់ជនល្មើស?

image


កំពង់ស្ពឺ៖ ដើម្បីគេចផុតពីការប្តឹងតបរបស់ជនសង្ស័យ ជនល្មើស ឬក៏មេធាវីនៃជនសង្ស័យ ឬជនល្មើស មន្ត្រីនគរបាលយុត្តិធម៌ត្រូវតែរាយការណ៍ ឬក៏សុំគោលការណ៍មកកាន់ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង មុននឹងចុះប្រតិបត្តិការបង្ក្រាប ឬក៏ចាប់ខ្លួនជនសង្ស័យ ឬក៏ជនល្មើសមកកាន់តុលាការ ពោលគឺ ត្រូវអនុវត្តតួនាទីភារកិច្ចឱ្យត្រូវទៅនឹងច្បាប់ដែលបានចែង។ នេះជាការលើកឡើងដោយ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ក្នុងពិធីផ្សព្វផ្សាយការអនុវត្តតួនាទីភារកិច្ច តាមក្រមនីតិវិធីដល់មន្ត្រីជំនាញអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

លោក ស៊ិន វិរៈ បានលើកឡើងថា ជនសង្ស័យ ឬជនល្មើស គេមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្តឹងតបចំពោះការអនុវត្តរបស់មន្ត្រីនគរបាលយុត្តិធម៌ ខណៈជនសង្ស័យ ឬជនល្មើស ឬក៏មេធាវី រកឃើញនូវចំណុចខ្វះចន្លោះក្នុងការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌។ ដើម្បីរក្សាបាននូវភាពខ្វះចន្លោះនេះ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ អំពីរបៀបធ្វើកំណត់ហេតុ អង្គហេតុ វត្ថុតាង និងការឃាត់ខ្លួនជនសង្ស័យ ឬក៏ជនល្មើស ពិសេសត្រូវតែផ្សារភ្ជាប់ជានិច្ចជាមួយព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង ដែលរង់ចាំសម្របសម្រួលនីតិវិធីជូនដល់មន្ត្រីនគរបាលខណៈដែលអនុវត្តការងារ។

នគរបាលយុត្តិធម៌ និងតុលាការ ជាស្ថាប័នជាតិ ដែលមានបន្ទុកទទួលខុសត្រូវវិស័យយុត្តិធម៌ និងការផ្តល់សេវាយុត្តិធម៌ឆាប់រហ័សជូនប្រជាពលរដ្ឋ ដោយផ្អែកលើគោលការណ៍ច្បាប់ជាធរមាន ដើម្បីសម្រេចជោគជ័យ និងទទួលបានការគាំទ្រ ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើស្ថាប័នអនុវត្តច្បាប់។ ការណ៍នេះ ក្នុងនាមជាអ្នកអនុវត្តច្បាប់ ដែលយល់ត្រូវ អនុវត្តត្រូវ ជាប្រយោជន៍ដល់ភាគី និងទទួលបានយុត្តិធម៌ តែបើយល់ខុស អនុវត្តខុស ភាគីទទួលបានអយុត្តិធម៌។ នេះជាការគួសបញ្ជាក់ដោយ លោក ស៊ិន វិរៈ។

លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ក៏បានណែនាំ និងផ្តាំផ្ញើដល់មន្ត្រីអាវុធហត្ថទាំងអស់ដែលជានគរបាលយុត្តិធម៌ ត្រូវសហការជាមួយតុលាការក្នុងភាពជាដៃគូដែលមិនអាចខ្វះបាន ដើម្បីធានាប្រសិទ្ធិភាពនៃការបង្ក្រាបបទល្មើស ត្រូវពង្រឹងសមត្ថភាពក្នុងកិច្ចប្រតិបត្តិច្បាប់ដោយគោរព វិន័យ ក្រមសីលធម៌ ប្រកាន់យកសុគតិធម៌ទាំង៥ ជៀសវាងអគតិទាំង៤ និងប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ឱ្យស័ក្តិសមជាមន្ត្រីល្អ បម្រើរាស្ត្រដោយសុចរិត យុត្តិធម៌។ ការពិគ្រោះយោបល់គ្នារវាងមន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការ និងតុលាការ ក៏ជាការធានាប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីច្បាប់ ផងដែរ។

ជាមួយនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការនៃបញ្ជាដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក៏បានក្រើនរំឭកដល់មន្ត្រីអាវុធហត្ថដែលជានគរបាលយុត្តិធម៌ក្នុងវគ្គផ្សព្វផ្សាយនេះ ត្រូវបង្កើនការត្រងត្រាប់ស្តាប់នូវគន្លឹះសំខាន់ៗរបស់ព្រះរាជអាជ្ញារងដែលជាវាគ្មិន និងត្រូវសួរនូវចំណុចណាមិនយល់នៃមេរៀនគន្លឹះ ដើម្បីប្រសិទ្ធិភាពការងារក្នុងការអនុវត្តតួនាទី ភារកិច្ចនាពេលខាងមុខ៕

អត្ថបទ៖ ប៊ុត សារុន