កម្ពុជា រៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ដើម្បីលើកស្ទួយវិស័យនេះឲ្យកាន់តែរីកមច្រើនថែមទៀត
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ក្រោមប្រធានបទ៖ «ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីកំ ណើនកាន់តែប្រសើរ» ដើម្បីអបអរសាទរការរួមចំណែកដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដល់សេដ្ឋកិច្ចជាតិ និងជំរុញបរិយាកាសនវានុវត្តន៍ និរន្តរភាព និងកំណើនប្រ កបដោយបរិយាប័ន្ន។
ពិធីបើកទិវាជាតិនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី ២៧ខែមិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ រួមមានសកម្មភាពជាច្រើន ដូចជាការតាំងពិព័រណ៍ផលិតផល ការកសាងទំនាក់ទំនងធុរកិច្ច និងកិច្ចពិភាក្សាជាដើម។ កម្មវិធីនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីអ្នករៀបចំគោលនយោបាយ សហគ្រិន អ្នកដឹកនាំអាជីវកម្ម ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធមកពីទូទាំងប្រទេស ដើម្បីចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរកឱកាសសម្រាប់កិច្ចសហការ និងការរីកចម្រើន។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ការកំណត់នេះក៏ស្របតាមផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០១៦-២០២៥ ផងដែរ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយ ដោយផ្តល់ការគាំទ្រលើវិស័យសំខាន់ៗដូចជា ការបង្កើតគោលនយោបាយ ការពង្រឹងលទ្ធភាពទទួលហិរញ្ញប្បទាន ការលើកកម្ពស់សហគ្រិនភាព ការចាប់យកបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ ការលើកកម្ពស់ស្តង់ដារផលិតផល និងការបង្កភាពងាយស្រួលក្នុងការធ្វើអាជីវកម្មជាដើម។
លោករដ្ឋមន្ត្រីបានបន្តថា៖ «យើងទទួលស្គាល់តួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងបណ្តុះនវានុវត្តន៍។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១នេះ ជាឱកាសមួយដើម្បីបង្ហាញពីសមិទ្ធផលរបស់សហគ្រិនកម្ពុជា និងផ្តល់ជូនពួកគាត់នូវព័ត៌មាន ឧបករណ៍ និងធនធានចាំបាច់ ដើម្បីពួកគាត់អាចរីកចម្រើននៅក្នុងទីផ្សារក្នុងស្រុក តំបន់ និងពិភពលោកដែលកាន់តែមានការប្រកួតប្រជែងខ្លាំង»។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ទោះបីជារាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមយ៉ាងណាក្ដី, ក៏ពួកគាត់នៅតែប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីជាអាទី៍ ១). បន្ទុកអនុលោមភាព និងតម្លាភាពនៃបរិយាកាសធុរកិច្ច ២). ហិរញ្ញប្បទានពីប្រភពស្របច្បាប់ ៣). ទីផ្សារក្នុងស្រុក និងការនាំចេញ ៤). សមត្ថភាពម្ចាស់សហគ្រាស និងបុគ្គលិកជំនាញ ៥). រចនាសម្ព័ន្ធការគាំទ្រ និង ៦). វប្បធម៌សហគ្រិនភាព។
លោកអគ្គបណ្ឌិតសភាចារ្យ លើកឡើងថា ដើម្បីជំរុញការអភិវឌ្ឍ និងការធ្វើទំនើបកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យក្លាយជាកម្លាំងចលករចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ, រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើន រួមមានដូចជា៖ ១. ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រគាំទ្រ, ២. ការលើកកម្ពស់ការទទួលហិរញ្ញប្បទាន និងឥណទាន, ៣. ការលើកកម្ពស់សហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល, ៤. ការគាំទ្រដល់ការអភិវឌ្ឍជំនាញ, ៥. ការលើកកម្ពស់ស្តង់ដារផលិតផល និង៦. ការកែលម្អបរិយាកាសធុរកិច្ច។
បច្ចុប្បន្ន នៅលើពិភពលោក សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ ៩០% នៃមូលដ្ឋានផលិតកម្មអាជីវកម្មសរុប, ផ្តល់ការងារពី ៦០% ទៅ ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុប។ នៅក្នុងតំបន់អាស៊ាន សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនពី ៩៧,២% ទៅ ៩៩,៩% នៃអាជីវកម្មទាំងអស់ និងរួមចំណែក ៤៤,៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាសមាជិកអាស៊ាន។
យោងតាមជំរឿនឆ្នាំ ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣.៦៧០មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២.៩៨០.៥៦៩នាក់ ក្នុងនោះស្រ្តីមាន ១.៨៤១.៣៦២នាក់។ វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០% ដោយទាន់មិនរាប់បញ្ចូលវិស័យកសិកម្ម។
សូមបញ្ជាក់ថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយដៃគូនានា មានដូចជា GIZ, CAPRED, UNIDO, សហគ្រិនខ្មែរ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសមាគមធុរកិច្ចផ្សេងៗ៕
អត្ថបទ៖ ចេង ឆហួត