ព័ត៌មានអន្តរជាតិ

ចិន ចោទអាម៉េរិកថា លួចទម្លាក់ឧបករណ៍ចាប់សញ្ញានាវាមុជទឹក ចូលក្នុងសមុទ្រចិនខាងត្បូង ដើម្បីតាមដាននាវាមុជទឹកចិន

image


ចិន៖ កាលពីថ្ងៃពុធកន្លងទៅ យោធារបស់ប្រទេសចិនបានអះអាងថា ខ្លួនបានរកឃើញឧបករណ៍ចាប់សញ្ញានាវាមុជ នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ក្បែរតំបន់កោះថ្មប៉ប្រះទឹក Second Thomas Shoal ដែលចិនហៅថា ”រ៉េនអាយចាវ” ខណ:ចិនបានចោទប្រកាន់សហរដ្ឋអាម៉េរិកថា ជាអ្នកលួចទម្លាក់ឧបករណ៍ចាប់សញ្ញាទាំងនេះចូលទៅក្នុងសមុទ្រ ដើម្បីតាមដានសកម្មភាពនាវាមុជទឹករបស់ចិន។

កងឆ្មាំសមុទ្រចិន បានរកឃើញឧបករណ៍ចាប់រលកសញ្ញា ក្រោយពីបានតាមដានសកម្មភាពហោះហើររបស់យន្តហោះយោធាអាម៉េរិកមួយគ្រឿង នៅពីលើតំបន់សមុទ្រចិនខាងត្បូង និងបានឃើញយន្តហោះមួយនោះទម្លាក់វត្ថុម្យ៉ាងទៅក្នុងទឹក ជាហេតុនាំឱ្យចិនបញ្ជូនកម្លាំង ដើម្បីទៅស្វែងរកនិងស្រង់វត្ថុនោះចេញពីក្នុងទឹក។

ក្រោយស្រង់វត្ថុនោះចេញពីក្នុងសមុទ្រ អ្នកជំនាញរបស់ចិន បានធើ្វការពិនិត្យនិងរកឃើញថា វាគឺជាឧបករណ៍ចាប់រលកសញ្ញាក្នុងទឹកដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាយោធាអង់គ្លេសមួយមានឈ្មោះថា Ultra Electronics ដែលមានសមត្ថភាពអាចចាប់សញ្ញារបស់នាវាមុជទឹក រួមទាំងអាចបង្អាក់ប្រព័ន្ធរ៉ាដារបស់នាវាមុជទឹកបានទៀតផង ។

គួរជម្រាបថា តំបន់ដែនកោះថ្មប៉ប្រះទឹក Second Thomas Shoal ត្រូវបានស្គាល់ថា ជាដែនជម្រករបស់ពពួកត្រីដូហ្វីន ដោយសារតែទីនោះសម្បូរទៅដោយប្រព័ន្ធជីវចម្រុះ តាមបែបធម្មជាតិជាច្រើន ដែលពុំធ្លាប់មានគេអាស្រ័យផលពីមុនមក ហើយការពង្រាយឧបករណ៍ចាប់រលកសញ្ញាក្នុងទឹកនេះ ត្រូវអ្នកជំនាញឱ្យដឹងថា អាចនឹងប៉ះពាល់ដល់សមត្ថភាពសម្គាល់ភូមិសាស្រ្តរបស់ពពួកសត្វសមុទ្រមួយចំនួន ដែលមានទម្លាប់រស់នៅជាក្រុម ហើយការណ៍នេះ អាចនឹងធើ្វឱ្យពពួកសត្វទាំងនោះ ត្រូវបែកហ្វូងចេញពីគ្នាផងដែរ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect