ចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់ បន្ទាប់ពីផ្សាយព័ត៌មានដោយប្រៀបធៀបករណី កាប់ម្ចាស់បំណុលស្លាប់នៅខេត្តកណ្តាល ត្រូវកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត រីឯអតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់មនុស្សស្លាប់២នាក់ កាត់ទោសត្រឹម ១០ ទៅ ១៥ឆ្នាំ
ភ្នំពេញ៖ អ្នកសារព័ត៌មានម្នាក់នៅស្ថាប័ន Ma'orm Sre TV ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ក្រោយផ្សាយព័ត៌មានថា ជនដែលកាប់ម្ចាស់បំណុលនៅខេត្តកណ្តាល ត្រូវបានកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត រីឯអតីត ឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់មនុស្ស២នាក់ បែរជាកាត់ទោសត្រឹម ពី១០ ទៅ ១៥ឆ្នាំ។
ការចាប់ខ្លួនអ្នកសារព័ត៌មានអនឡាញនេះ បានធ្វើឡើងកាលពីម៉ោងជិត ១២យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ជាទីដែលគាត់ប្រចាំការរាល់យប់ ដើម្បីចេញតាមប្រមាញ់ហេតុការណ៍ផ្សេងៗ ដែលបានកើតឡើង ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីធ្វើការសាកសួរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ លោឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចាត់ទុកថា ការផ្សាយព័ត៌មាននេះគឺ ខុសការពិត និងបានធ្វើឱ្យមានការភ័នច្រឡំយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ៕