ប្រធានាធីបតីអ៊ុយក្រែន ត្រៀមបង្ហាញផែនការសន្តិភាពពេញលេញ ដើម្បីចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី
អ៊ុយក្រែន៖ កាលពីថ្ងៃសុក្រម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងឱ្យដឹងថា លោកកំពុងរៀបរៀងផែនការសន្តិភាពពេញលេញ ដើម្បីចរចាបញ្ចប់សង្គ្រាមរយៈពេលជាង ២៨ខែជាមួយរុស្ស៊ី ខណៈលោកបានបង្ហាញការជឿជាក់ថា គ្រោងការសន្តិភាពនោះនឹងអាចជួយឱ្យអ៊ុយក្រែនស្តារស្ថិរភាពរបស់ខ្លួនត្រឡប់មកវិញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Kyiv ក្រោមវត្តមានរបស់ប្រធានាធិបតីនៃប្រទេសស្លូវេនី លោកស្រី ណាតាសា ភីក មូសា (Natasa Pirc Musar) លោក Zelenskyy បានបន្តថា "វាមានសារៈសំខាន់ណាស់សម្រាប់អ៊ុយក្រែនក្នុងការបង្កើតផែនការសន្តិភាពពេញលេញមួយ ដែលអាចទទួលបានការគាំទ្រភាគច្រើនពីសហគមន៍អន្តរជាតិលើពិភពលោក ដើម្បីជំរុញការដាក់សម្ពាធទៅលើប្រទេសរុស្ស៊ីឱ្យព្រមទទួលយកនូវលក្ខខណ្ឌកិច្ចចរចាទាំងនោះ" ហើយនេះគឺជាអ្វីដែលរដ្ឋាភិបាលរបស់លោកកំពុងខិតខំដើម្បីសម្រេចបានតាមរយៈមធ្យោបាយការទូត។
រហូតមកទល់នឹងពេលនេះ គេពុំឃើញមានដំណើរការកិច្ចចរចាណាមួយរវាងអ៊ុយក្រែននិងរុស្ស៊ីនោះឡើយ ហើយបើយោងតាមការធើ្វសេចក្ដីថ្លែងការណ៍សាធារណៈជារើយៗរបស់មេដឹកនាំទាំងពីរ ហាក់បានបង្ហាញថា អ៊ុយក្រែននិងរុស្ស៊ីកំពុងឃ្លាតចេញកាន់តែឆ្ងាយពីដំណោះស្រាយការទូតលើបញ្ហាសង្គ្រាមដែលបានបន្តអូសបន្លាយរយៈពេលជាង ២៨ខែមកនេះ។
ដោយឡែក ទាក់ទិននឹងលក្ខខណ្ឌចរចាសន្តិភាពរបស់អ៊ុយក្រែន លោកប្រធានាធិបតី Zelenskyy តែងធើ្វការទាមទារជាញឹកញាប់ឱ្យរុស្ស៊ីធើ្វការដកទ័ពទាំងស្រុងចេញពីទឹកដីភាគខាងកើតរបស់អ៊ុយក្រែន ដោយរាប់បញ្ចូលទាំងតំបន់គ្រីមៀរផង ចំណែកឯមេដឹកនាំរុស្ស៊ីលោកពុទីនវិញ ទើបបានប្រកាសអំពីលក្ខខណ្ឌបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនកាលពីពេលថ្មីៗ ដោយបានតម្រូវឱ្យអ៊ុយក្រែនព្រមបោះបង់ទឹកដីភាគខាងកើតរបស់ខ្លួនចំនួន ៤ មកឱ្យរុស្ស៊ី ដែលរួមមានតំបន់ Donetsk, Kherson, Luhansk និង Zaporizhzhia ដែលត្រូវបានរុស្ស៊ីដាក់បញ្ចូលជាឧបសម្ព័ន្ធកាលពីចុងឆ្នាំ ២០២២កន្លងទៅ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Al jazeera