សង្គម

សភាពាណិជ្ជកម្មកម្ពុជា ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

image


ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំសម្របសម្រួលក្រុមការងារផ្នែកឯកជន របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន (វ.រ.ឯ) (Government-Private Sector Forum “G-PSF”), បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ ផ្នែកឯកជន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។


​យោងតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ដែល CNC ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការបង្កើតក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន នៃវេទិការាជ រដ្ឋាភិបាល-ផ្នែកឯកជន គឺដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តតាមក្រុមការងារនីមួយៗ ដែលបានដាក់ចេញ តាមរយៈសេចក្តីសម្រេច ទទួលស្គាល់សមាសភាពផ្លូវការ របស់ផ្នែកឯកជន របស់រាជរដ្ឋាភិបាល សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន របស់សភាពាណិជ្ជកម្មកម្ពុជា ដែលមានសមាសភាព អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន ជាប្រធានក្រុមការងារ និងមានអនុប្រធានប្រចាំការ១រូប, អនុប្រធាន៣រូប, សមាជិក៣រូប និងលេខាធិការ១រូប។


​ក្រុមការងារចំពោះកិច្ច អនុវត្តសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន មានភារកិច្ចដូចខាងក្រោម៖


-តាមដានវឌ្ឍនភាព នៃការអនុវត្តសម្របសម្រួលកិច្ចប្រជុំ នៃក្រុមការងារនីមួយៗផ្នែកឯកជន ដែលបានដាក់ចេញតាមរយៈសេចក្តីសម្រេច ទទួលស្គាល់សមាសភាពផ្លូវការរបស់ផ្នែកឯកជន របស់រាជរដ្ឋាភិបាល សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន របស់សភាពាណិជ្ជកម្មកម្ពុជា


-រៀបចំឯកសារចាំបាច់នានា និងកំណត់នូវយន្តការសម្រាប់តាមដាន និងវាយតម្លៃរបស់ក្រុមការងារ និងធ្វើការសហការល្អជាមួយអន្តរក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធនានា ដែលជាដៃគូសន្ទនា តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល


-រៀបចំផែនការសកម្មភាព ដើម្បីប្រមូលលទ្ធផលការងារ នៃការអនុវត្តរបស់ក្រុមការងារនីមួយៗ ផ្នែកឯកជន ដែលបានរៀបចំកិច្ចប្រជុំហើយ
-សម្របសម្រួល និងជំរុញការអនុវត្តភារកិច្ចរបស់តួអង្គពាក់ព័ន្ធ រៀងរាល់ ៦ ខែម្តង ឬតាមការចាំបាច់ ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាព ជំរុញសកម្មភាពនៃកិច្ចពិភាក្សាស្វែងរកបញ្ហា ប្រឈមដោះស្រាយបញ្ហា ប្រឈម ដាក់ចេញនូវវិធានការ កែតម្រូវ និងវាស់វែងពីកិច្ចខិតខំប្រឹងប្រែង និងវាយតម្លៃប្រសិទ្ធភាពនៃការ អនុវត្តវិធានការ របស់សហប្រធានក្រុមការងារនីមួយៗ


-ចូលរួមរាល់កិច្ចប្រជុំតាមក្រុមការងារនិមួយៗផ្នែកឯកជន ជាមួយក្រសួងដែលជាដៃគូសន្ធា ដើម្បីទទួលបាន នូវការឆ្លើយតប ដោះស្រាយបំភ្លឺ រាល់បញ្ហាកង្វល់ សំណូមពរនានា លើកឡើងដោយវិស័យឯកជនតាមក្រុមការងារ


-រៀបចំរបាយការណ៍លទ្ធផលការងារជូនថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៅរៀងរាល់ដំណាច់ ខែខុសភានៃឆ្នាំ ដើម្បីថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជនធ្វើរបាយការណ៍ប្រចាំឆមាស ជូនរាជរដ្ឋាភិបាល
-ចូលរួមប្រជុំក្រុមការងារតាមការកោះអញ្ជើញរបស់ប្រធាន ឬអនុប្រធានក្នុងករណីប្រធានអវត្តមាន អនុវត្ត ការងារដែលពាក់ព័ន្ធផ្សេងទៀត តាមការសម្រេចរបស់សភាពាណិជ្ជកម្មកម្ពុជា៕


អត្ថបទ៖ សន ពិសិដ្ឋ