សង្គម

រាជរដ្ឋាភិបាល សម្រេចលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី ១ខែកក្កដានេះតទៅ

image


ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពីការលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី ១ខែកក្កដានេះតទៅ។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា យោងតាមលទ្ធផលនៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធវិធានការគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការអនុវត្តប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សូមជម្រាបជូនដូចខាងក្រោម÷

១. លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ចាំបាច់ត្រូវបំពេញកាតព្វកិច្ចស្របតាមប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ខាងលើ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដោយឡែក ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

២. ការលើកលែងការផាកពិន័យនេះមានសុពលភាពរយៈពេល ០១ (មួយ) ឆ្នាំ ចាប់ផ្តើមអនុវត្តពីថ្ងៃចេញ សេចក្តីជូនដំណឹងនេះ និងអាចបន្តទៀតតាមការសម្រេចរបស់រាជរដ្ឋាភិបាល៕