សង្គម

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញអាទិភាពចំនួនពីរដើម្បីគេចផុតពីប្រទេសគោលដៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោរបស់ប្រទេសមហាអំណាច

image


អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកសម្តេតេជោ


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែង ការបង្កើតស្ថាប័នព្រឹទ្ធសភាកម្ពុជា នាឆ្នាំ១៩៩៩ ជាតម្រូវការចាំបាច់សម្រាប់ប្រទេសជាតិ និងជាការបន្តអនុវត្តប្រព័ន្ធសភាពីរថ្នាក់នេះពីសម័យមុន។
ហើយនៅក្នុងនីតិកាលទី៥នៃព្រឹទ្ធសភាសម្តេចបានដាក់ចេញនូវអាទិភាពសំខាន់ចំនួនពីរ សំដៅចៀសវាងក្លាយជាប្រទេសគោលដៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយពីប្រទេសមហាអំណាច។
សម្តេចតេជោ លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯក អគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

​សម្តេចតេជោ បានពន្យល់ទៅកាន់លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ថា ការបង្កើតស្ថាប័នព្រឹទ្ធសភាកម្ពុជា នៅឆ្នាំ១៩៩៩ ជាតម្រូវការចាំបាច់សម្រាប់ប្រទេសជាតិ និងជាការបន្តអនុវត្តប្រព័ន្ធសភាពីរថ្នាក់នេះពីសម័យមុន។


ដោយឡែក នៅក្នុងនីតិកាលទី៥នៃព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវអាទិភាពសំខាន់ចំនួនពីរមានដូចជា ការទូតសភា ដោយសារតែស្ថានភាពពិភពលោកវិវត្តលឿនរហ័សពិបាកប៉ាន់ស្មានទាមទារឱ្យកម្ពុជាត្រូវវិភាគវាយតម្លៃសភាពការណ៍ឱ្យបានត្រឹមត្រូវចៀសវាងក្លាយជាប្រទេសគោលដៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយពីប្រទេសមហាអំណាច។ ចំណែកចំណុចសំខាន់បន្ទាប់គឺគណនេយ្យភាពរបស់ព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត ដោយសមាជិកព្រឹទ្ធសភាទាំងអស់ត្រូវតែចុះជាប់ជាមួយនឹងអង្គបោះឆ្នោត។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានសម្តែងនូវភាពរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះនឹងមានបណ្តាប្រទេសជាង៩០ចូលរួម។ លោកលោក ហ្សាក់ ប៉ឺឡេ បញ្ជាក់ថា កម្ពុជានឹងក្លាយទៅជាប្រទេសទី២ក្នុងអាស៊ានដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ បន្ទាប់ពីវៀតណាម កាលពីឆ្នាំ១៩៩៧។

ឆ្លើយតបចំពោះការសាទរនេះ សម្តេចតេជោបានអរគុណចំពោះសាធារណរដ្ឋបារាំងដែលបានគាំទ្របេក្ខភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ២០២៦។ ក្នុងគ្រាដដែលនេះដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ស្ថានទូតបារាំងពិភាក្សាជាមួយដៃគូនិងស្ថាប័នពាក់ព័ន្ធដើម្បីពង្រីកការបង្រៀនភាសាបារាំងនៅកម្ពុជា ខណៈសម្តេចមើលឃើញថាតម្រូវការរៀនភាសាបារាំងនឹងមិនថមថយនោះទេ៕