ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងចូលរួមសន្និសីទស្ដីពីសកម្មភាពមីននៅអ៊ុយក្រែន នៅក្នុងផ្នែកមនុស្សធម៌តាមសំណើរដ្ឋមន្ត្រីការបរទេសជប៉ុន

image


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបទៅលោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន ថា កម្ពុជានឹងចូលរួមក្នុងសន្និសីទស្ដីពីសកម្មភាពមីននៅអ៊ុយក្រែន នៅក្នុងផ្នែកមនុស្សធម៌។
ការយល់ព្រមរបស់សម្តេចតេជោ នាពេលនេះ ខណៈរដ្ឋមន្ត្រីការបរទេសជប៉ុនជម្រាបជូនសម្ដេចថា ជប៉ុននឹងគ្រោងរៀបចំសន្និសីទអន្តរជាតិស្តីពីសកម្មភាពមីននៅអ៊ុយក្រែន នៅឆ្នាំ២០២៥ ព្រមទាំងបានស្នើសុំការគាំទ្រពីកម្ពុជា។
សំណើរបស់លោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុនដែលសុំការគាំទ្រពីកម្ពុជា ខណៈខ្លួនគ្រោងរៀបចំសន្និសីទអន្តរជាតិស្តីពីសកម្មភាពមីននៅអ៊ុយក្រែន នាឆ្នាំ២០២៥ខាងមុខនេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកស្រីចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធ សភា។
ក្នុងគ្រានេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន ថា កម្ពុជាតែងតែគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន ហើយកម្ពុជាមានជំហរមិនឆ្ងាយពីជប៉ុនទេនៅក្នុងបញ្ហាអន្តរជាតិ និងក្នុងការរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ដូច្នេះកម្ពុជានឹងចូលរួមក្នុងសន្និសីទស្ដីពីសកម្ម ភាពមីននៅអ៊ុយក្រែន នៅក្នុងផ្នែកមនុស្សធម៌។
ទាក់ទងបញ្ហាតំបន់វិញ លោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន បានកោតសរសើរកម្ពុជានិងសម្តេចតេជោដែលបានខិតខំប្រឹងប្រែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ានាពេលកន្លងមក។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុនបានគូសបញ្ជាក់ថា ជប៉ុនបានយកចិត្តទុកដាក់លើការឯកភាពរបស់អាស៊ាន និងបន្តគាំទ្រអាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PCs) ឱ្យមានប្រសិទ្ធភាព៕

អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកសម្តេចតេជោ