មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងរៀបពិធី «បុណ្យផ្កាយ» នៅថ្ងៃទី១២-១៤ ខែកក្កដា ដើម្បីផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងជប៉ុន
ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា និងមជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ នឹងប្រារព្ធពិធីបុណ្យតាណាបាតាក់ (បុណ្យផ្កាយ) ដែលជាពិធីបុណ្យបែបប្រពៃណីជប៉ុន ដែលនឹងប្រព្រឹត្តឡើងនាថ្ងៃទី១២ ដល់ ១៤ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
ពិធីបុណ្យនេះនឹងមានវត្តមាន លោក អាត់ស៊ូស៊ី អ៊ូអិណុ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភ្ញៀវកិត្តយសតំណាងពីស្ថាបនជាតិ ស្ថាបនជប៉ុនក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀត។
លោក លឹម លាង ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឱ្យដឹងថា ពិធីបុណ្យតាណាបាតាក់ (បុណ្យផ្តាយ) ជាពិធីបុណ្យបែបប្រពៃណីជប៉ុន ជារៀងរាល់ឆ្នាំគេធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ដើម្បីរំឭកដល់ការជួបគ្នានៃស្នេហាតារាពីរដួង ឈ្មោះ អូរិហ៊ីម៉ិ (Orihime) និងហ៊ីកូបូហ្ស៊ី (Hikoboshi) ដែលអ្នកទាំងពីរ ត្រូវបានបំបែកបំបាក់ដោយ ទន្លេអាម៉ាណូហ្កាវ៉ា (Amanogawa river) ដែលបង្កើតឡើងដោយ កាមិសាម៉ា (Kamisama) ដោយអនុញ្ញាតឱ្យអ្នកទាំងពីរជួបគ្នាបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ នៅពេលផ្ទៃមេឃស្រឡះ នៅក្នុងពិធីបុណ្យនេះផងដែរ។ ប្រជាជនជប៉ុនតែងតែសរសេរពាក្យប៉ងប្រាថ្នារបស់ខ្លួននៅលើប្រដាស និងដាក់បិទភ្ជាប់ទៅនឹងដើមឫស្សី។ ពួកគេជឿជាក់ថា បំណងប្រាថ្នារបស់ពួកគេនឹងក្លាយជាការពិតនៅអំឡុងពិធីបុណ្យតាណាបាតាក់។
ពិធីបុណ្យផ្កាយនាឆ្នាំនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក៏មានសកម្មភាពវប្បធម៌ និងការតាំងពិព័រណ៍ផ្សេងៗជាច្រើនផងដែរ ដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្មែរបានស្គាល់ពីវប្បធម៌ជប៉ុន ដូចជា ការតុបតែង និងការដាក់បង្ហាញស្រដៀងគ្នាទៅនឹងពិធីបុណ្យផ្កាយនៅក្នុងប្រទេសជប៉ុន, ទទួលយកបទពិសោធន៍ជាមួយវប្បធម៌ និងការផ្លាស់ប្តូរការអប់រំរវាងប្រទេសទាំងពីរ, បត់ក្រដាសអូរីហ្កាំមិ (Origami) និងការកាត់ក្រដាសគិរិហ្កាំមិ (Kirigami), ការសរសេរពីបំណងប្រាថ្នា និងដាក់ចងលើដើមឫស្សី, រៀនសរសេរអក្សរផ្ចង់ភាសាជប៉ុន, ទទួលយកបទពិសោធន៍ពាក់យូកាតា (សម្លៀកបំពាក់ទំនៀមទម្លាប់ប្រពៃណីរបស់ជប៉ុន), ចម្អិន និងភ្លក់អាហារ និងបង្អែមខ្មែរ-ជប៉ុន, រីករាយជាមួយកម្មវិធីកម្សាន្តផ្សេងៗបែបខ្មែរ និងជប៉ុន, ភ្លក់រស់ជាតិអាហារ និងភេសជ្ជៈ នៅតាមស្តង់លក់ម្ហូបអាហារខ្មែរ និងជប៉ុនជាច្រើន។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ចាប់ផ្តើមប្រារព្ធពិធីបុណ្យតាណាបាតាក់នេះ ចាប់តាំងពីឆ្នាំ២០០៤មកម្លេះ។ ក្រៅពីពិធីបុណ្យនេះ មជ្ឈមណ្ឌលក៏មានប្រារព្ធពិធីបុណ្យផ្សេងៗជាច្រើនទៀតផងដែរ ដូចជាមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ពិធីបុណ្យសែនព្រះខែ និងពិធីបុណ្យប្រពៃណីខ្មែរ-ជប៉ុនជាច្រើនផ្សេងទៀត ដើម្បីជាផ្នែកមួយក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ក៏ដូចជាផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាស្គាល់ពីវប្បធម៌ជប៉ុន និងប្រជាជនជប៉ុននៅក្នុងប្រទេសកម្ពុជាបានស្គាល់ពីវប្បធម៌ខ្មែរ៕