សង្គម

កសិករគំរូម្នាក់ នៅឃុំវត្តគរ ខេត្តបាត់ដំបង ប្រើពេល៣ឆ្នាំពីការអនុវត្តដាំដុះដំណាំបន្លែចម្រុះដោយប្រើប្រាស់ជីគីមី មកជាសិអេកូឡូស៊ីវិញដោយជោគជ័យ

image

បាត់ដំបង៖ លោក ស៊ិន ស៊ីវនឿត រស់នៅភូមិកំពង់សីមា ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានក្លាយជាកសិករគំរូ ក្នុងការអនុវត្តដាំដុះបន្លែសរីរាង្គចម្រុះតាមបែបកសិអេកូឡូស៊ី។ លោកថា ការកែប្រែដីដែលធ្លាប់តែប្រើប្រាស់ជីគីមី មកជាដីដាំដុះដោយប្រើប្រាស់ជីធម្មជាតិវិញនេះ ដោយប្រើរយៈពេល៣ឆ្នាំ ក្នុងការសិក្សា និងដកពិសោធន៍ ទៅលើផលដំណាំ ទម្រាំទទួលបានជោគជ័យ។

ការដែលឈប់ដាំដុះបន្លែដោយប្រើប្រាស់ជីគីមី មកអនុវត្តតាមបែបកសិកអេកូឡូស៊ីវិញនេះ ដោយសារបានយល់ដឹងពីផលប៉ះពាល់អវិជ្ជមានដល់អ្នកបរិភោគ និងបរិស្ថាន។ នេះជាការលើកឡើងដោយ លោក ស៊ិន ស៊ីវនឿត ក្នុងពេលផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយពីចំណេះដឹងនៃការអនុវត្តកសិអេកូឡូស៊ីនៅខេត្តបាត់ដំបង ដឹកនាំដោយបណ្តាញកសិអេកូឡូស៊ីកម្ពុជា (ALiSEA) និងសមាគមនិរន្តរភាពដី ដើម្បីជីវិត(SSLA) ក្រោមកិច្ចសម្របសម្រួលពីអង្គការហ្គ្រេត(GRET) របស់ប្រទេសបារាំង កាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោក ស៊ិន ស៊ីវនឿត បានលើកឡើងយ៉ាងដូច្នេះថា៖ “ដំបូងឡើយខ្ញុំរៀនបច្ចេកទេស រួចមកទើបយកទៅអនុវត្ត ពេលអនុវត្តដំបូងក៏អត់ទាន់បានល្អ ១០០ភាគរយដែរ ដោយសារការរៀនទ្រឹះស្តី និងការអនុវត្តជាក់ស្តែងវាមានការលំបាកច្រើន តែខ្ញុំនៅតែតស៊ូធ្វើ ដោយរកបច្ចេកទេសបន្ថែម រហូតទទួលបានជោគជ័យ។ ការធ្វើដូចតាំងពីឆ្នាំ២០១៩ រហូតឆ្នាំ២០២១ ដោយអនុវត្តលើការដាំដំណាំឈើហូបផ្លែ និងបន្លែសរីរាង្គចម្រុះ មានដូចជា ប្រភេទស្ពៃគ្រប់មុខ សណ្ដែកទ្រើង ត្រាប់វែង ជាដើម។ ចំពោះការប្រើប្រាស់ជីគីមី ឬថ្នាំពុល ទៅលើដំណាំ បន្លែ មិនមានសុវត្ថិភាពដល់អ្នកបរិភោគទេ ហើយវានាំឱ្យខូចដី និងប៉ះពាលដល់បរិស្ថានថែមទៀត ដូចនេះខ្ញុំសម្រេចចិត្តមកអនុវត្តតាមបែបកសិកអេកូឡូស៊ីវិញ”។

កសិករគំរូរូបនេះ បានបញ្ជាក់ថា ការអនុវត្តកសិអេកូឡូស៊ីនេះ បានដាំដុះដំណាំសរីរាង្គចម្រុះ ដោយប្រើជីកំប៉ុស្តគោក នៅលើផ្ទៃដីប្រមាណ ៣០អា ដោយអាចរកកម្រៃបានពីការលក់បន្លែសរីរាង្គចន្លោះ ១០ម៉ឺនរៀលក្នុងមួយថ្ងៃៗ។

សូមបញ្ជាក់ថា កសិអេកូឡូស៊ី ជាប្រព័ន្ធផលិតកម្មកសិកម្ម និងស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់មនុស្ស និងរក្សាបាននូវគុណភាពបរិស្ថានល្អប្រសើរ។ ការធ្វើកសិកម្មតាមលក្ខណៈបែបនេះ ផ្តល់នូវតម្លៃដល់ជីវចម្រុះ និងដំណើរប្រព្រឹត្តទៅនៃ ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ហើយទាក់ទាញចំណាប់អារម្មណ៍សាធារណជន តាមរយៈលើកកម្ពស់អធិបតេយ្យភាពស្បៀងអាហារ បង្កើតទីផ្សារក្នុងតំបន់ និងកសិកម្មខ្នាតតូច។

លោក រឿម រចនា មន្ត្រីគម្រោងនៃសមាគមនិរន្តរភាពដី ដើម្បីជីវិត(SSLA) បានលើកទឹកចិត្តដល់កសិករផ្សេងទៀត ចូលរួមអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី ដែលអាចជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពដី បង្កើនទិន្នផល សុវត្ថិភាពស្បៀង និងជួយទាំងថែរក្សាបរិស្ថាន ខណៈក្នុងគម្រោងទើបតែមានចំនួន ១០គ្រួសារប៉ុណ្ណោះ ដែលអនុវត្តកសិអេកូឡូស៊ីនេះ។
មន្ត្រីគម្រោងបានឱ្យដឹងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន ៣ទៀត គឺឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលមានទទួលជំនួយទាំងថវិកា និងបច្ចេកទេស សម្រាប់អនុវត្តកម្មវិធីកសិអេកូឡូស៊ី។ ម្ចាស់ជំនួយលើគម្រោងនេះ មានដូចជា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) សហភាពអឺរ៉ុប(EU) និង មូលនិធិបារាំងសម្រាប់បរិស្ថានសកល(FFEM)។

ជាមួយគ្នានេះ លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្ដាញកសិអេកូឡូស៊ី (ALiSEA) នៃអង្គការ ហ្រ្គេត (GRET) ប្រចាំនៅកម្ពុជា បានឱ្យដឹងថា គម្រោងកសិអេកូឡូស៊ី ធ្វើនៅលើ៤ប្រទេសខាងលើ ក្នុងកញ្ចប់ថវិកាជាង ១១លានអឺរ៉ូ ក្នុងនោះសម្រាប់គម្រោងដែលដាក់ឱ្យអនុវត្តនៅក្នុងប្រទេសកម្ពុជា តាមរយៈការបែងចែកទៅតាមស្ថាប័ន អង្គការ សមាគមនានា មានចំនួនសរុបជាង ២លានអឺរ៉ូ។ កម្មវិធីនេះសម្រាប់លើកកម្ពស់ការយល់ដឹងដល់កសិករ លើការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព កាត់បន្ថយការប្រើប្រាស់សារធាតុគីមី ដែលរក្សាបាននូវសុវត្ថិភាពស្បៀង លើកកម្ពស់ស្ថាន និងការចូលរួមថែរក្សាបរិស្ថាន។

ដោយឡែក លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានគាំទ្រចំពោះការងាកមកអនុវត្តតាមបែបកសិអូកូឡូស៊ីរបស់ប្រជាកសិករនាពេបច្ចុប្បន្ន។ លោកថា ការអនុវត្តបែបអេកូឡូស៊ី ពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់ ប្រព័ន្ធជីវៈចម្រុះ និងធម្មជាតិមានជីវិតនៅលើភពផែនដី។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា សកម្មភាពកសិកម្មអេកូឡូស៊ី នឹងធ្វើឱ្យមានតុល្យភាពអេកូឡូស៊ីធម្មជាតិ។ ម្យ៉ាងវិញទៀត ការធ្វើកសិកម្មអេកូឡូស៊ី ដាំដំណាំចម្រុះ តាមបែបធម្មជាតិ នៅជុំវិញផ្ទះ ឬមូលដ្ឋាន នឹងជួយអភិរក្សដីឱ្យមានជីជាតិជារៀងរហូត ក៏ដូចជាជួយពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រព័ន្ធស្បៀងអាហារ និងការថែរក្សាធនធានធម្មជាតិ និងបរិស្ថាន ជាដើម។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «យើងដឹងថាការការពារ និងអភិរក្សធនធានធម្មជាតិផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដោយមិនគិតថ្លៃ ដូចជាអាហារដែលមានជីវជាតិ ខ្យល់បរិសុទ្ធ និងទឹកស្អាត ដើម្បីជួយដល់សុខភាព ព្យាបាលជំងឺ និងការពារគ្រោះមហន្តរាយធម្មជាតិជាដើម។ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បានបញ្ជាក់ថា យើងត្រូវការភាពស្អាត ភាពបៃតង និងចីរភាព ដោយត្រូវការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យបានល្អ ប្រសិនបើយើងចង់សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកសាងពិភពលោកកាន់តែរីកចម្រើន»។

ទោះជាយ៉ាងនេះក៏ដោយ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បច្ចុប្បន្ន កសិករដែលអនុវត្តការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ីនៅកម្ពុជា មានចំនួនតិចនៅឡើយ ខណៈការសិក្សាបង្ហាញថា កសិកម្មតាមបែបកសិអេកូឡូស៊ី ជួយដល់សុខភាពដី ធ្វើឱ្យដីមានគុណភាណ និងនិរន្តភាពយូរអង្វែង។

បច្ចុប្បន្ន មានកសិករប្រមាណ ១០ខេត្ត បានចូលរួមអនុវត្តការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី ដែលមាននៅខេត្តបាត់ដំបង កណ្តាល កំពង់ស្ពឺ ព្រះវិហារ សៀមរាប កំពង់ធំ ក្រចេះ ត្បូងឃ្មុំ និងមណ្ឌលគិរី ជាដើម៕