សង្គម

អភិបាលខេត្តស្វាយរៀង ណែនាំដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រួតពិនិត្យនិងរឹតបន្តឹងកន្លែងលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ និងអនុវត្តវិធានការចាំបាច់នានា

image


អត្ថបទ៖ មិន ភក្តី

​ស្វាយរៀង៖ អភិបាលខេត្តស្វាយរៀង បានណែនាំដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ត្រូវតែបន្តធ្វើការតាមដាន និងត្រួតពិនិត្យជាប់ជាប្រចាំ ទាំងទីតាំងមានច្បាប់អនុញ្ញាត និងទីតាំងគ្មានច្បាប់អនុញ្ញាតដែលបានបិទរួច ក្នុងករណីរកឃើញថាមានលួចលាក់បង្កប់ការលេងល្បែងស៊ីសងខុសច្បាប់ ឬលួចលាក់បើកដំណើរការឡើងវិញដោយខុសច្បាប់ សមត្ថកិច្ចត្រូវអនុវត្តវិធានការចាំបាច់នានាតាមគោលការណ៍នីតិវិធី និងឈានទៅអនុវត្តវិធានការច្បាប់តែម្ដង។ 

ការលើកឡើងបែ​បនេះរបស់លោក ប៉េង​ ពោធិ៍សា​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តស្វាយរៀង។ 

​ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានថ្លែងថា​ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងមានការចង្អុល ដឹកនាំដោយផ្ទាល់ពីលោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង និងការបង្ការ ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត រដ្ឋបាលខេត្ត ដែលមាន គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ជាសេនាធិការ បានខិតខំប្រឹងប្រែងយកចិត្តទុក ដាក់អនុវត្តប្រកបដោយការទទួលខុសត្រូវ ដោយអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីឈានទៅលុបបំបាត់ឲ្យអស់នូវទីតាំល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋាន ។

ក្នុងគ្រានោះដែរ លោក ប៉េង​ ពោធិ៍សា​ ​ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវពង្រឹងការអនុវត្តការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងខេត្ត ឲ្យកាន់តែទទួលបានលទ្ធផលវិជ្ជមាន រួមចំណែកលើកកម្ពស់ស្មារតី នៃការអនុវត្តច្បាប់ ដើម្បីភាពសុខដុមរមនា ការរីកចម្រើន និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាល៕