ព័ត៌មានជាតិ

លោក ជេត ជាលី សាកលវិទ្យាធិការ RUPP៖ និស្សិតវៀតណាមដែលរៀននៅភូមិន្ទភ្នំពេញភាគច្រើនជាអ្នកបកប្រែ អ្នកការទូត និងអ្នកសារព័ត៌មាន ក្នុងនោះរួមមានផ្នែកអក្សរសាស្ត្រខ្មែរ

image

ភ្នំពេញ៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ប្រាប់ CNC ថា បច្ចុប្បន្ននេះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលហៅកាត់ថា RUPP មាននិស្សិតវៀតណាមកំពុងសិក្សាទៅតាមផ្នែកនីមួយៗប្រមាណជិត១០០នាក់​ ក្នុងនោះ ភាគច្រើនពួកគេគឺជាអ្នកបកប្រែ អ្នកការទូត និងជាអ្នកសារព័ត៌មាន។

បើតាមលោកបណ្ឌិត ជេត ជាលី ​មានប្រសាសន៍ថា និស្សិតវៀតណាមមួយចំនួនបានចុះឈ្មោះរៀនផ្នែកអក្សរសាស្ត្រខ្មែរ ប៉ុន្តែក៏បានផ្លាស់ប្តូរទៅរៀនជំនាញផ្សេងវិញក្រោយសិក្សាបាន១ឆ្នាំ។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានបញ្ជាក់ដែរថា និស្សិតវៀតណាមដែលកំពុងសិក្សានៅ RUPP មានប្រមាណ៧០នាក់ ដែលភាគច្រើននៃនិស្សិតទាំងនោះមានមុខរបរជាអ្នកបកប្រែ អ្នកការទូត និងអ្នកសារព័ត៌មាន។
ការបញ្ជាក់របស់លោកបណ្ឌិត ជេត ជាលី ​ធ្វើឡើងស្របពេលដែល លោក តូ ឡឹម ប្រធានរដ្ឋរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គ្រោងនឹងអញ្ជើញធ្វើបាឋកថានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមជម្រាបថា លោក តូ ឡឹម ប្រធានរដ្ឋរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

បើតាមការគ្រោងទុក នៅរសៀលថ្ងៃទី១២ ខែកក្កដា លោក តូ ឡឹម ប្រធានរដ្ឋរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញចូលជួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារ។

ចំណែកព្រឹកថ្ងៃទី១៣ ខែកក្កដា លោក តូ ឡឹម នឹងអញ្ជើញទៅដាក់កម្រងផ្កានៅមណ្ឌបព្រះបរមរតនកោដ្ឋ និងមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។ ហើយនៅពេលរសៀលប្រធានរដ្ឋរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមរូបនេះ នឹងអញ្ជើញធ្វើបាឋកថានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមរម្លឹកថា បច្ចុប្បន្ន លោក តូ ឡឹម ជាសមាជិកការិយាល័យនយោបាយវៀតណាម ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងជាប្រធានក្រុមប្រឹក្សាការពារ និងសន្តិសុខជាតិវៀតណាមផងដែរ៕

អត្ថបទ៖ សុភៈនារី
រូបភាព៖ សុភៈនារី