អាជ្ញាធរខេត្តព្រៃវែង ណែនាំដល់មន្ត្រីក្រោមឱវាទត្រូវបន្តចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហាសត្វល្អិត រុយស និងដង្កូវមូលដើម ក្នុងភូមិសាស្ត្ររបស់ខ្លួន
អត្ថបទ៖ មិន ភក្តី
ព្រៃវែង៖ អភិបាលខេត្តព្រៃវែង ណែនាំដល់អាជ្ញាធរមូលដ្ឋានមន្ទីរកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្តចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហាសត្វល្អិត រុយស និងដង្កូវមូលដើម និងសូមឲ្យប្រជាកសិករត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញប្រភេទសត្វល្អិតនេះ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
ការណ៍នេះធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាស លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ លោកអភិបាលរងខេត្ត តំណងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្នងការនរគបាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះជួបជាមួយបងប្អូនប្រជាកសិករដែលបានរងផលប៉ះពាល់ដោយសារសត្វល្អិត រុយស និងដង្កូវមូលដើម បំផ្លាញផលដំណាំស្រូវ ដែលស្ថិតនៅតាមបណ្ដាស្រុក ចំនួន៤ រួមមាន ភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, ឃុំស្វាយជ្រុំ,ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង, ឃុំគោខ្ចក,ឃុំប្រាសាទ,ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
និង ភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងនោះបើយោងតាមរបាយការណ៍ របស់មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ លើការងារបង្កបង្កើនផលស្រូវរដូវវស្សា អនុវត្តបានលើផ្ទៃដីសរុប ចំនួន២៤៣.៣១១ហិកតា ស្មើនឹង៩៧,៣៣% នៃផែនការ២៥០.០០០ហិកតា នៅក្នុងរយៈពេលកន្លងមកដល់ បច្ចុប្បន្ននេះ មានការផ្ទុះឡើងនូវពពួកសត្វល្អិតរុយស និងដង្កូវមូរស្លឹកបានស៊ីបំផ្លាញដំណាំស្រូវរបស់កសិករ នៅក្រុង/ស្រុកចំនួន១១ ឃុំ/សង្កាត់ រុយ ស និងដង្កូវមូលស្លឹក បានស៊ីបំផ្លាញលើផ្ទៃដី សរុបចំនួន៣៧.៥៦៣ហិកតា ស្មើនឹង១៥,៤៤% ក្នុងនោះខូចសរុប៣.២០៩ហិកតា ស្មើនឹង១,៣២% នៃផ្ទៃដី ដំណាំស្រូវបានដាំដុះសរុប។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំខេត្ត អង្គភាពជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់កំដាប់ថ្នាក់ រួមជាមួយអ្នកពាក់ព័ន្ធនានា បានចុះជួយអន្តរាគមន៍ ដោយបានធ្វើការណែនាំអំពីវិធានការនានាក្នុងការទប់ស្កាត់ និងកម្ចាត់សត្វល្អិតរុយស /ជង្កូវមូលស្លឹកដល់កសិករ និងបានអន្តរាគមន៍បាញ់ថ្នាំទៅលើស្រែកសិករ ព្រមទាំងអនុវត្តម្ចាស់ការដោយកសិករ ម្ចាស់ស្រែផ្ទាល់លើផ្ទៃដីសរុបចំនួន១៦.៦៥៥ហិកតា ស្មើនឹង៤៤,៣៤%នៃផ្ទៃដីប៉ះពាល់សរុប នៅតាមបណ្តា ក្រុង/ស្រុកក្នុងខេត្តព្រៃវែង។
នៅចំពោះមុខនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តព្រៃវែង អង្គភាពជំនាញ នៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តតាមដាននូវការបំផ្លាញ និងចុះធ្វើអន្តរាគមន៍វិធានការនានាក្នុងការកម្ចាស់ សត្វល្អិតរុយស និងដង្កូវមូរស្លឹកទៅដល់កសិករជាបន្តទៀត។
ក្នុងនោះលោក អ៊ុក សំណាង ប្រជាមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាល ខេត្តព្រៃវែង ក៏បានលើកឡើងអំពីបញ្ហាប្រឈម និងវិធីសាស្ត្របច្ចេកទេសនៃការបាញ់ថ្នាំសម្រាប់ សត្វល្អិតដែលស៊ីបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋ មានដូចជា រុយ ស និងដង្កូវមូលស្លឹករបស់ជូនប្រជាកសិករផងដែរ៕