នៅរាជធានីភ្នំពេញ មានគម្រោងហេដ្ឋារចនាស័ម្ពថ្មីចំនួន ៥០ ក្នុងនោះគម្រោងដែលកំពុងអនុវត្តចំនួន ១៣គម្រោង
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពន់ ប្រឡាយស្ថានីយ៍លូប្រាំ រួមនឹងការពិនិត្យ វឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន ១៣គម្រោង ដែលបាននិងកំពុងអនុវត្ត។
លោក ឃួង ស្រេង បានលើកឡើងថា គម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញមានចំនួន ៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្ត មាន១៣គម្រោង។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំឱ្យលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំឱ្យស្ទះផ្លូវទឹក ដែលបង្កឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀង។
ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន ៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន ២៣គម្រោង។ តែសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តចំនួន ១៣គម្រោង។
លោក សាំ ពិសិដ្ឋ បានបន្តថា ចំពោះគម្រោងទាំង ១៣នេះ ជាគម្រោងដែលបាននិងកំពុងអនុវត្តក្នុងតំបន់ងាយរងគ្រោះដោយការលិចលង់ជាងគេ ដែលមានដូចជា តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ តំបន់ជុំវិញ
ស្ថានីយ៍បូមទឹកបឹងទំពុន តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ក្នុងចំនួន១៣គម្រោងដែលបាននឹងកំពុងអនុវត្តនេះ ក៏មានគម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន ដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់ សម្រង់កាយសម្រាមនៅបឹងត្របែក។ សម្រាប់ ១៣គម្រោងនេះ គិតមកដល់ពេលនេះការដ្ឋានអនុវត្តសម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុន និងតំបន់ផ្សារដើមគរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនឹងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ៕