ប្រធានរដ្ឋវៀតណាម បានមកដល់កម្ពុជាហើយ នៅរសៀលថ្ងៃនេះ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ពីថ្ងៃទី១២ ដល់១៣ ខែកក្កដានេះ
ភ្នំពេញ៖ លោក តូ ឡឹម ប្រធានរដ្ឋវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមកដល់ព្រះរាជាណាចក្រម្ពុជាហើយ នៅរសៀលថ្ងៃទី១២ កក្កដានេះ
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
ទទួលដំណើរអញ្ជើញមកដល់របស់ប្រធានរដ្ឋវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានវត្តមានលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងក្រសួងព្រះបរមរាជវាំង តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋវៀតណាម តាមរយៈសមាគមវៀតណាមប្រចាំនៅកម្ពុជា ជាច្រើនរូប។
ការមកដល់របស់លោក តូ ឡឹម ប្រធានរដ្ឋវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា លោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។
ជាមួយគ្នានេះ លោកប្រធានរដ្ឋវៀតណាម គ្រោងនឹងជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជំនួបទាំងនេះ ត្រូវ ឭបានរំពឹងថា នឹងគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែក លើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បី ផលប្រយោជន៍នៃប្រជាជនទាំងពីរ។
លោកប្រធានរដ្ឋ គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងនៅមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។
លោក តូ ឡឹម ក៏គ្រោងនឹងទទួលការចូលជួបសម្តែងការគួរសមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ផងដែរ៕
ដោយ៖ គង់ វណ្ណៈ