ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី នៅថៃ គឺជាទស្សនកិច្ចជាប្រវត្តិសស្ត្រ នៃទំនាក់ទំនងការទូតថ្មី រវាងកម្ពុជា -ថៃ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ហើយ តបតាមការអញ្ជើញរបស់ លោក វ៉ាន់មូហាម៉ាត់ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រនិងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ គឺបានបញ្ចប់ដោយទទួលបានលទ្ធ ផលគួរជាទីមោទន និងជាដំណើរទស្សន កិច្ចមួយដែលជាប្រវត្តិសស្ត្រ នៃទំនាក់ ទំនងការទូតថ្មីរវាងកម្ពុជា-ថៃ។
នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញលោក កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំ ការ នៃអគ្គលេខា ធិការដ្ឋានរដ្ឋសភា និងជាអនុប្រធានក្រុមអ្នកនាំពាក្យរដ្ឋសភា បានថ្លែងក្នុងសន្និ សីទសារព័ត៌មាននារសៀលថ្ងៃទី១២ ខែកក្កដានេះថា៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជាណា ចក្រថៃ ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក វ៉ាន់មូហាម៉ាត់ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រនិងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ជាដំណើរទស្សន កិច្ចមួយដែលជាប្រវត្តិសាស្ត្រ នៃទំនាក់ ទំនងការទូតថ្មីរវាងកម្ពុជា -ថៃ។ ដោយមានសកម្មភាពជាច្រើនក្នុងការបន្តពូនជ្រុំពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីឲ្យកាន់ តែស៊ីជម្រៅឡើងថែមទៀត ក៏ដូចជាការ ចូលរួមពង្រឹងចំណងមិត្តភាពអ្នកជិតខាងល្អ មិត្តជាប្រពៃណី និងភាពជាយុទ្ធសាស្ត្រយកប្រជាជនជាស្នូលដើម្បីវឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍន៍សម្រាប់ប្រជា ជននិងប្រជាជាតិនៃប្រទេសទាំងពីរ។ លោក កែវ ពិសិដ្ឋ បានបន្តថា៖ ទស្សន កិច្ចផ្លូវការរបស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី គឺបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសមភាគី និងទទួលបានលទ្ធផលជាផ្លូវការគួរជាទីមោទន។
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង នៅទីក្រុងបាងកក កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អមដំណើរដោយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រ ធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ។
សម្តេចរដ្ឋសភាធិបតី បានថ្លែងនូវព្រះ អំណរករុណាទិគុណ ដែលព្រះករុណា ព្រះមហាក្សត្រ និងព្រះអម្ចាស់ក្សត្រី សព្វព្រះរាជហឫទ័យ រាជានុញ្ញាតដល់សម្តេច បានចូលក្រាបបង្គំគាល់នាឱកាសនេះ។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីទំនាក់ទំនងដ៏ជ្រាលជ្រៅនៃរាជវង្សានុវង្សប្រទេសទាំងពីរ ទំនាក់ទំនងស្អិតល្មួតរវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល រដ្ឋសភា និងរដ្ឋសភា ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការថែរក្សា ពូនជ្រំ ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឥតឈប់ឈរជារៀងរហូតមក ប្រកបដោយភាពធន់ និងស៊ីជម្រៅ។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានថ្វាយនូវព្រះរាជបណ្តាំសាកសួរសុខ ទុក្ខពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយការសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធ សភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងបានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ដែលនាពេលកន្លងមកបានប្រោសព្រះរាជ ទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការរួមចំណែកកសាងសមិទ្ធផលនានា និងការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានរដ្ឋសភាក៏បានក្រាបបង្គំថ្លែងអំណរព្រះគុណព្រះករុណា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះអង្គ ប្រជាពលករកម្ពុជារាប់សិបម៉ឺននាក់ ដែលកំពុងរស់នៅ និងប្រកបការងារនៅប្រទេសថៃ បាននឹងកំពុងទទួលការយកចិត្តទុកដាក់ថែទាំ និងរស់ នៅពេញមុខពេញមាត់ដូចប្រជាពលរដ្ឋថៃ ប្រកបដោយភាពសុខដុមរមនា។
សម្តេចរដ្ឋសភាធិបតី ក៏បានទូលថ្វាយព្រះអង្គអំពីលទ្ធផលដ៏ថ្លៃថ្លានៃដំណើរទស្សន កិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅប្រទេសថៃ ដោយរដ្ឋសភានៃប្រទេសទាំងពីរ បានឯកភាពគ្នា និងចុះបហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សំដៅជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត នាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងសង ខាង។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏សំខាន់ នៃដំណើរទស្សនកិច្ចនេះ និងបានថ្វាយនូវព្រះរាជបណ្តាំសួរ សុខទុក្ខ និងជូនពរជ័យសព្វសាធុការថ្វាយដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហានក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកបដោយកម្លាំងពលំ មាំមួន និងសុភមង្គលគ្រប់ទិនទិវាជានិរន្តរ៍ ៕
ដោយ៖វង សុភ័ក្ត្រ